លោក ហ៊ុន ម៉ាណែត ជំរុញឲ្យមេដឹកនាំកងទ័ពត្រូវកសាងឥទ្ធិពល ជាជាងប្រើអំណាច
ការជំរុញរបស់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងការពារព្រំដែនលេខ៥០២ យោធភូមិភាគទី៥ ខេត្តបាត់ដំបង នាថ្ងៃ២១កក្កដា។ ក្នុងពិធីនោះ លោកហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចក្នុងការដំឡើងឋានៈ និងតែងតាំងមុខងារ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសជាការវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិជាច្រើនទៀត ដើម្បីទទួលបាននូវនាយទាហានដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តកិច្ចការងារចម្បងជាច្រើន។
លោកបានបន្តថា ការក្លាយខ្លួនជាមេដឹកនាំអង្គភាពគឺជាការទទួលបាននូវឱកាស ក្នុងការបង្កើតនូវស្នាដៃសម្រាប់ឱ្យជំនាន់ក្រោយមានការចងចាំ និងជាការទទួលបាននូវឱកាសក្នុងការបង្ហាញ អំពីសមត្ថភាពដឹកនាំការងារទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលជាបច្ច័យមួយយ៉ាងល្អក្នុងការអភិវឌ្ឍអាជីពការងារបន្តរទៅទៀត។ ជាមួយគ្នានោះ លោកបានរំលឹកពីតួនាទីរបស់មេដឹកនាំអង្គភាពជាអ្នកកាន់ចង្កូតដ៏សំខាន់ ហើយទាមទារជាចាំបាច់នូវការចូលរួមសហការអំពីយោធិនទាំងអស់ ដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍអង្គភាពទៅទៀត។
មេដឹកនាំអង្គភាពត្រូវយល់ដឹងឱ្យបានច្បាស់អំពីអត្ថន័យនៃពាក្យ អំណាច និងឥទ្ធិពល។ មានអំណាចមិនប្រាកដថាមានឥទ្ធិពល ហើយអត់អំណាចក៏មិនមែនមានន័យថាមិនមានឥទ្ធិពលដែរ។ អំណាចគឺផ្អែកទៅលើតួនាទី ឋានន្តរសក្តិ សិទ្ធិក្នុងការចុះហត្ថលេខា និងអាចបង្ខំជម្រុញក្នុងកាលៈទេសៈមួយចំនួន ប៉ុន្តែឥទ្ធិពលធ្វើឱ្យមនុស្សមានការគោរពស្រលាញ់ មានបេះដូងកក់ក្តៅ មានការតស៊ូជាមួយគ្នាក្នុងគ្រាលំបាក ។ ជាមេដឹកនាំអង្គភាពត្រូវកសាងឥទ្ធិពលឱ្យបានរឹងមាំ។ ជាមេដឹកនាំអង្គភាពគឺមានន័យថាបានទទួលនូវអំណាចដែលមកជាមួយការទទួលខុសត្រូវ ដើម្បីឈានទៅទទួលបាននូវឥទ្ធិពលដែលកើតចេញពីការស្រលាញ់ដក់ជាប់ក្នុងក្រអៅបេះដូងរបស់យោធិនគ្រប់រូប។
ជាមេដឹកនាំអង្គភាពត្រូវមានចិត្តធ្ងន់ ត្រូវពិនិត្យពិចារណាឱ្យបានដិតដល់ និងត្រូវផ្តល់ឱកាសផ្តល់យុត្តិធម៌ដល់គ្រប់ភាគី។ មេដឹកនាំអង្គភាពត្រូវចាំថាកត្តាសំខាន់ក្នុងការសម្រេចភារកិច្ចគឺទាមទារអោយមានការដើរទន្ទឹមគ្នារវាង បច្ចេកទេស និងនយោបាយ។ ដើម្បីបាននូវលទ្ធផល ត្រូវពឹងលើបច្ចេកទេស តែដើម្បីលើកទឹកចិត្តមនុស្សឱ្យចូលរួមអនុវត្ត គឺទាមទារនូវសិល្បៈនៃការបត់បែន។
ភារកិច្ចក្នុងការដឹកនាំបន្តរជាកិច្ចការសំខាន់។ លោកបានណែនាំឲ្យនាយទាហាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងស្រូបយកបទពិសោធន៍ពីនាយទាហានជំនាន់មុន ដោយផ្តល់នូវការគោរពរាល់តួនាទី និងភារកិច្ច។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកកងកម្លាំងប្រដាប់អាវុធគឺជាខែលសម្រាប់ការពារសន្តិភាព យោធិនគ្រប់រូបត្រូវមានភាពរឹងមាំហើយច្បាស់លាស់ជាមួយគោលការណ៏ថែរក្សាសុខសន្តិភាពដែលបានមកដោយការលំបាក និងមិនចាញ់ការញុះញង់ណាមួយក្នុងន័យបំបែកបំបាក់សន្តិភាព។
ប៉ុន្តែកងកម្លាំងប្រដាប់អាវុធក៏អាចជាដាវកាត់ផ្តាច់សន្តិភាពផងដែរ បើមានការធ្វេសប្រហែស បាត់ម្ចាស់ការ បាត់ការស្មោះត្រង់ បាត់ការជឿជាក់លើរាជរដ្ឋាភិបាល។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពួកអគតិនៅតែចិញ្ចឹមចិត្តបន្តញុះញង់ បំបែកបំបាក់ ហើយរង់ចាំគ្រប់ពេលវេលា ដូចេ្នះយើងត្រូវតែរក្សាអោយមានភាពម្ចាស់ជាចាំបាច់។ គោលដៅអាទិភាពរបស់កងទ័ពគឺជាការថែរក្សាសុខសន្តិភាព ស្ថិរភាព ឱ្យបានដាច់ខាត មិនឱ្យអ្នកណាបំផ្លាញបាន។ គោលដៅបន្ទាប់របស់ គឺ ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋាភិបាលស្របច្បាប់។ ទាំងនោះហើយជាភារកិច្ចរបស់យោធិនគ្រប់រូប ក្រោមការដឹកនាំរបស់មេបញ្ជាការអង្គភាព និងថ្នាក់ដឹកនាំអង្គភាព៕