ផ្លូវ១ខ្សែ ក្នុងភូមិអូរអណ្តូង១ ចាប់ផ្ដើមស្ថាបនាដោយចាក់ថ្ម លើកឱ្យខ្ពស់ ធ្វើជាផ្លូវបេតុង លែងលិចទឹកដដូចមុនទៀតហើយ
ភ្នំពេញ៖ ផ្លូវ១ខ្សែ ក្នុងភូមិអូរអណ្តូង១ បានចាប់ផ្ដើមស្ថាបនាដោយចាក់ថ្ម លើកឲ្យខ្ពស់ និងធ្វើជាផ្លូវបេតុង ក្រោមការយកចិត្តទុកដាក់របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ហើយចាប់ពីថ្ងៃនេះទៅ ផ្លូវនេះនឹងលែងលិចលង់ទៀតហើយ ដែលពីមុនផ្លូវនេះ តែងតែលិចទឹកនៅរដូវវស្សា។
ការដ្ឋានស្ថាបនា ផ្លូវបេតុង ១ខ្សែនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងមានការចូលរួមពីសប្បុរសជន លោក លោកស្រី ជាអភិបាលរង លោកនាយករដ្ឋបាល ចៅសង្កាត់ និងមានការចូលរួមពីប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ។ លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា ផ្លូវបេតុង១ខ្សែ ដែលបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ មានប្រវែងសរុប៦០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ថ្លែងក្នុងពិធីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានផ្តាំផ្ញើ និងសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និងយោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរផ្លូវបេតុងនេះ ។ ចំណែកក្រុមហ៊ុនអ្នកម៉ៅការក្នុងការស្ថាបនា ត្រូវប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាបទល្មើសដែលបង្កអសន្តិសុខសង្គម ។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូន បានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។
លោក ចេង មុនីរ៉ា ថ្លែងបន្តថា ក្រោមការផ្តល់មូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌ បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន បានជាបន្តបន្ទាប់តាមតំរូវការជាអាទិភាព មានជាអាទិ៍ ការស្ថាបនាជួសជុលផ្លូវ ការរៀបចំប្រព័ន្ធលូ ការបំពាក់ភ្លើងសាធារណៈ ជាដើម។ ក្រៅពីមូលនិធិរបស់ រាជរដ្ឋាភិបាល រដ្ឋបាលខណ្ឌ ក៏បានខិតខំគៀងគរសប្បរសជនក្នុងមូលដ្ឋាន បានចូលរួម កសាងសមិទ្ធផលជាបន្តបន្ទាប់ ដើម្បីបំរើជាប្រយោជន៍សាធារណៈ ឆ្លើយតបតាមសំណូមពរ តំរូវការរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានខិតខំយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ តាមគោលការណ៍កំណត់ ប្រកបដោយប្រសិទ្ធភាព រហ័ស និងមានតម្លាភាព ស្រមតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បានបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព» ជូនប្រជាពលរដ្ឋ ។
លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវរាយការណ៍ដល់អាជ្ញាធរភូមិ សង្កាត់ អំពីបងប្អូន ឬអ្នកជិតខាង ណាដែលទើបត្រឡប់មកពីក្រៅប្រទេស ដើម្បីណែនាំពួកគាត់ ចូលរួមបង្ការជំងឺ COVID-19 ដើម្បីសេចក្តីដល់បងប្អូន នៅក្នុងសហគមន៍យើង ៕ដោយ ប៊ុនធី