ថ្ងៃនេះ អត្តពលិកជនពិការកម្ពុជា ១៤៩នាក់ នឹងទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២២ នេះ គណៈប្រតិភូអត្តពលិកជនពិការចំនួន ១៤៩នាក់ នឹងចេញដំណើរទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ចំពោះដំណើរទៅចូលរួមប្រកួតរបស់ក្រុមអត្តពលិកជនពិការកម្ពុជានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានក្រើនរំឮកអត្តពលិកជនពិការទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីទទួលបានជ័យជំនះបន្ថែមទៀតជូនជាតិ មាតុភូមិ។

តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានរម្លឹកយ៉ាងដូច្នេះថា «នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូអត្តពលិកជនពិការចំនួន ១៤៩នាក់ ចេញដំណើរទៅចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។

សូមក្មួយៗអត្តពលិកជនពិការទាំងអស់ យកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅក្នុងពិធីសំណេះសំណាលកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ សូមក្មួយៗកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀតជូនជាតិ មាតុភូមិ និងសូមជូនពរធ្វើដំណើរប្រកបដោយសុវត្ថិភាព»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងសូឡូ ដោយកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៦៦នាក់ លើ១១ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម ,ហែលទឹក ,បាល់ទះអង្គុយបុរស និងនារី ,បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ ,វាយសី ,លើកទម្ងន់ ,អុក ,និងប៊ូស្យា ដែលត្រូវធ្វើដំណើរចាកចេញពីមាតុភូមិ នាថ្ងៃអង្គារនេះ តាមជើងយន្ដហោះពិសេស ដែលអនុញ្ញាតឲ្យរៀបចំដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner