Breaking សម្តេចចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រតិភូសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហា ធីង៉ា សមាជិក គណៈកម្មាធិការកណ្តាលមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម និងជា ប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម ខណៈ ដែលលោកជំទាវ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

ប្រភពរដ្ឋសភាឱ្យដឹងថា ក្នុងសវនាការនៅថ្ងៃទី២៦ខែកក្កដានេះ លោកជំទាវ ហា ធីង៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃរបស់សម្តេច អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែង ការគួរសមនាឱកាសនេះ។ លោកជំទាវ បានជម្រាបសម្តេច ប្រធានរដ្ឋសភា ពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមក។ក្នុងនោះមានកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែល ទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។

លោកជំទាវ ប្រធានគណៈប្រតិភូ បានជម្រាបជូន សម្តេច ប្រធានរដ្ឋសភាថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិក ចំនួន ៤៩៩នាក់។ក្នុងនេះ មានសមាជិកជា នារីចំនួន១៥១នាក់ ដែលស្មើប្រមាណជាង៣០ភាគរយ។

ក្នុងនាមរដ្ឋសភា សម្តេចចក្រី ហេង សំរិន មានសេចក្តីសោមនស្ស រីករាយ សូមស្វាគមន៍ លោកជំទាវ ហា ធីង៉ា និងគណៈប្រតិភូ ដែល បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។

សម្តេច បានអបអរសាទរលោកជំទាវ ដែលបានជាប់ឆ្នោតសារជាថ្មី ជាប្រធានសហព័ន្ធនារីវៀតណាម សម្រាប់អាណត្តិទី១៣ ឆ្នាំ២០២២-២០២៧ ។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា វត្តមានស្រ្តី នៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើក កម្ពស់សមភាពយេនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់ របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។ វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គមនយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនិងបរិមាណ កំណើនគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យសាធារណទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឆ្លៀតឱកាសនោះ សម្តេចបានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត៕
ដោយ៖ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner