សិង្ហបុរីបន្តរកឃើញករណីជំងឺ អុតស្វា កើនដល់ ៩នាក់
សាំងហ្គាព័រ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានរាយការណ៍ករណីឆ្លងជំងឺអុតស្វា មួយករណីទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេស ចាប់តាំងពីខែមិថុនាដល់ ៩នាក់ហើយ។
ក្រសួងបញ្ជាក់ពីការបន្តរកឃើញករណីថ្មីនេះទៀត កាលពីថ្ងៃទី២៥ កក្កដា ដោយបន្ថែមថា អ្នកជំងឺទី៩ រូបនេះ គឺជាបុរសហ្វីលីពីនអាយុ ៣១ឆ្នាំ។ ក្រសួងថា គាត់បានធ្វើតេស្តវិជ្ជមាន ក្រោយពេលបួនថ្ងៃដែលមានជំងឺគ្រុនក្តៅ គឺផ្តើមតាំងពីថ្ងៃទី ២១ ខែកក្កដា ។ គាត់ក៏មានកន្ទួលលើមុខរបស់គាត់ និងផ្នែកផ្សេងទៀត នៃរាងកាយរបស់គាត់ផងដែរ ។
ក្រសួងបានបន្ថែមថា បុរសនោះត្រូវបានផ្តល់ការយកចិត្តទុកដាក់ព្យាបាល នៅមន្ទីរពេទ្យ Singapore General Hospital (SGH) ហើយស្ថិតក្នុងស្ថានភាពស្ថិរភាព ខណៈការតាមដានទំនាក់ទំនង កំពុងបន្តធ្វើ។ ក្រសួងសុខាភិបាលបាននិយាយថា ការឆ្លងរបស់បុរសនេះមិនមានពាក់ព័ន្ធនឹងករណីកើតជំងឺអុតស្វាមុនៗ នៅសិង្ហបុរីឡើយ មានន័យថា មិនមែនឆ្លងពីអ្នកមុនទេ។
កាលពីថ្ងៃទី២៥ កក្កដាម្សិលមិញនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Ong Ye Kung បាននិយាយថា ក្រសួងមិនណែនាំឱ្យចាក់វ៉ាក់សាំង លើប្រជាជនសិង្ហបុរី ប្រឆាំងនឹងជំងឺអុតស្វា នៅឡើយទេ ដោយលោកបានរំលឹកឡើងវិញ ពីជំហររបស់ក្រសួងទប់ទល់នឹងជំងឺប្រភេទនេះ៕ ប្រភពពី CNA , ប្រែសម្រួលដោយ៖ សារ៉ាត




