សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីយុទ្ធសាស្ត្រចំនួន២ ដើម្បីផ្ដល់ទំនុកចិត្តជូនក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងពីយុទ្ធសាស្ត្រចំនួន២ ដើម្បីផ្ដល់ទំនុកចិត្តជូនក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា នោះគឺ ត្រីណាមកដល់មុន គឺចាប់យកត្រីនោះ, និងត្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់មកវិនិយោគនៅកម្ពុជា មានជំនឿចិត្តលើកម្ពុជា ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ (Minebea) នៅកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា លោក កៃណូម៉ា បានគោរពរាយការណ៍ជូនសម្ដេចនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន១០ឆ្នាំកន្លងមក ក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគសរុបប្រមាណ ១១២៤ពាន់លានយ័នជប៉ុន (ស្មើរប្រមាណជាង ៨ពាន់លានដុល្លារ) នៅទូទាំងពិភពលោក ខណៈដែលទុនវិនិយោគនៅកម្ពុជា គិតត្រឹមឆ្នាំ២០១៩ មានជាង ៤០០លានដុល្លារអាមេរិក។ លោក កៃណូម៉ា បានគោរពជម្រាបជូនសម្ដេចតេជោបន្តថា ក្រុមហ៊ុនរបស់លោក យកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេស គឺយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យបរិស្ថាន។

លោក កៃណូម៉ា បានជម្រាបជូនថា រោងចក្ររបស់លោក បានផលិតភ្លើង LED ១០០% នៅកម្ពុជា ហើយបាននាំចេញទៅលក់លើទីផ្សារទូទាំងពិភពលោក។ ដោយឡែកនៅកម្ពុជា ក្រុមហ៊ុនបានដំឡើងអំពូល LED បានចំនួន ១១៩៨៧គ្រឿង (មួយម៉ឺន១ពាន់ប្រាំបួនរយប៉ែតសិបប្រាំពីរគ្រឿង) ដែលក្នុងនោះ អាចជួយទាំងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង, កាត់បន្ថយនូវការសាយភាយឧស្ម័នកាបូនិចផង និងព្រមទាំងកាត់បន្ថយចំណាយលើអគ្គិសនីប្រមាណ ១លានដុល្លារក្នុងមួយឆ្នាំផង។

លោកប្រធានក្រុមហ៊ុន បានគោរពថ្លែងអំណរគុណសម្តេចតេជោ, មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (Thy Da) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលយកចិត្តទុកដាក់ជួយដល់កម្មករក្រុមហ៊ុនឱ្យរួចផុតពីការឆ្លងរីករាតត្បាតកូវីដ19 ដោយក្នុងចំណោមកម្មករជាង ៦ពាន់នាក់ មានតែកម្មករចំនួន ៧៨នាក់ប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ19 ហើយរោងចក្ររបស់លោក នៅដំណើរការបន្តជារៀងរហូតមិនមានការខកខានក្នុងចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោក កៃណូម៉ា ក៏បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុងពិធីខួបទី១០ឆ្នាំ នៃវត្តមានរបស់ក្រុមហ៊ុនមីនេបៀ នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក កៃណូម៉ា ដែលបានរាយការណ៍អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរយៈពេល ១០ឆ្នាំកន្លងមក ហើយបានសំរេចនូវក្ដីរីករាយ និងសាទរចំពោះក្រុមហ៊ុន រយៈពេល ១០ឆ្នាំកន្លងមក ទទួលបានជោគជ័យ និងបានពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ដល់លោក កៃណូម៉ា ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ19 ។ សម្ដេច ក៏បានទទួលយកការអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីខួប ១០ឆ្នាំ របស់ក្រុមហ៊ុនមីនេបៀ នៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកអំពីប្រវត្តិរបស់ក្រុមហ៊ុនមីនេបៀ ជាពិសេស នៅពេលដែលក្រុមហ៊ុន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដែលពេលនោះ សម្ដេច បានសម្រេចចិត្តអនុវត្តនូវយុទ្ធសាស្ត្រ២ នោះគឺ ត្រីណាមកដល់មុន គឺចាប់យកត្រីនោះ, និងត្រូវធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់មកវិនិយោគនៅកម្ពុជា មានជំនឿចិត្តលើកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner