ប្រមុខការពារជាតិអាមេរិក-កូរ៉េខាងត្បូងនឹងធ្វើកិច្ចពិភាក្សាជុំវិញបញ្ហាកូរ៉េខាងជើងក្នុងសប្តាហ៍នេះ
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក លី ជុងស៊ុប នឹងជួបជាមួយសមភាគីអាមេរិកលោក ល្លយដ៍ អូស្ទីន ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹងប្រទេសកូរ៉េខាងជើង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបន្តថា លោក លី បាននិងកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ ហើយកិច្ចប្រជុំរបស់ប្រមុខការពារជាតិទាំងពីរត្រូវបានកំណត់ធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ កន្លងមក ពួកលោកក៏ធ្លាប់បានជួបគ្នានៅប្រទេសសិង្ហបុរីកាលពីខែមិថុនាផងដែរ។
ក្រសួងបន្តថា ប្រមុខការពារជាតិទាំងពីរត្រូវបានគេរំពឹងថា នឹងចែករំលែកទស្សនៈស្តីអំពីស្ថានភាពនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាពិភាក្សាទៅលើស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ, ជំហរការពារជាតិរួមគ្នារវាងកូរ៉េខាងត្បូង-អាមេរិក, កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន និងស្ថានភាពក្នុងតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិជាដើម។
លោក លី បានប្រាប់អង្គប្រជុំសភានៅថ្ងៃចន្ទសប្តាហ៍នេះថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមរៀបចំភាគច្រើន សម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧។ លោកថា ពេលវេលានៃការធ្វើតេស្តនេះ គឺអាស្រ័យលើការសម្រេចចិត្តរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន។
លោក លី បន្ថែមថា ការធ្វើតេស្តរបស់កូរ៉េខាងជើងប្រហែលជាមានគោលបំណងជំរុញសមត្ថភាពក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលមានទំហំតូច និងស្រាលជាងមុន ដោយលោកបានព្រមានថា បច្ចេកវិទ្យាក្នុងការបង្កើតអាវុធតូចៗបានឈានដល់កម្រិតមួយគួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នា មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ពួកគេបានចាត់វិធានការបង្កើនការប្រុងប្រយ័ត្នទាំងអស់ ដើម្បីប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



