ប្រជុំផ្សព្វផ្សាយស្តីពីលទ្ធភាពឥណទាន ( ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាម៉េរិក ) ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធភាពឥណទាន (ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាម៉េរិក) ដល់កសិករចិញ្ចឹមត្រី មាន់ ទា និងដំណាំបន្លែ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងសហគមន៍កសិកម្ម ក្រោមអធិបតីភាពឯកឧត្ដម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក  អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ តំណាងអគ្គនាយកដ្ឋានកសិកម្ម មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អាជីវករ វារីវប្បករ និងសហគមន៍កសិកម្ម សរុបចំនួន ១៥៥នាក់។

គោលបំណងនៃកិច្ចផ្សព្វផ្សាយនេះដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញនិងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែល សេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ។ 

ប្រធានមន្ទីរ លោក ងិនហ៊ុន និងសហការី បានអមដំណើរឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះពិនិត្យមើលការដាំដុះស្លឹកខ្ទឹម និងបន្លែចំរុះរបស់បងប្អូនសហគមន៍កសិកម្ម នៅឃុំទឹកហូត ស្រុករលាប្អៀរ និងការចញ្ចឹមត្រី នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងការចុះពិនិត្យឯកឧត្តម កៅ ថាច ក៏បានលើកទឹកចិត្តដល់បងប្អូនសហគមន៍កសិកម្មពង្រីកការដាំដុះឱ្យបានច្រើនដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារឱ្យបានជានិរន្តរ៍។ ដោយឡែកក្នុងករណីបងប្អូនមានតម្រូវការឥណទាន ដើម្បីពង្រីកការដាំដុះ និងចញ្ចឹម បងប្អូនអាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ៕ ដោយ សុក្ខារិន

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner