​ខណៈក្នុងប្រទេស​កំពុង​កើត​មានវិបត្តិ​អាហារ សភាលីបង់​អនុម័តកញ្ចប់​ប្រាក់កម្ចី​១៥០​​លាន​ដុល្លារ​ពី​ធនាគារពិភពលោក ដើម្បីនាំចូលស្រូវសាឡី

សភាលីបង់បានអនុម័តកិច្ចព្រមព្រៀងខ្ចីប្រាក់ ជាមួយធនាគារពិភពលោកកាលពីថ្ងៃអង្គារដែលមានតម្លៃ១៥០លានដុល្លារដើម្បីធានាការផ្គត់ផ្គង់ស្រូវសាឡី។ កិច្ចព្រមព្រៀងនេះកើតឡើង ខណៈប្រទេសនេះឃើញពីកង្វះខាតនំបុ័ងមិនធ្លាប់មានពីមុនមក។ នេះយោងតាមការចេញផ្សាយរបស់ Middle East Monitor។

សារព័ត៌មានដដែល បានអះអាងថា រូបភាពនៃការតម្រង់ជួរដ៏វែងរបស់មនុស្សដែលកំពុងរង់ចាំនៅខាងក្រៅហាងនំប៉័ង ដើម្បីទិញនំប៉័ងដែលឧបត្ថម្ភធនដោយរដ្ឋាភិបាលបានរីករាលដាលយ៉ាងខ្លាំង។ ការតម្រង់ជួរទិញនំបុ័ងមានបញ្ហា ដោយមានការអន្តរាគមន៍ម្តងម្កាលពីមន្ត្រីសន្តិសុខដែលដាក់ប្រចាំការនៅតាមទីតាំងមួយចំនួន។

ហាងនំប៉័ងបានបែងចែកបរិមាណនំប៉័ង ចំពេលមានការចោទប្រកាន់ទៅវិញទៅមករវាងម្ចាស់អាជីវកម្មតាមហាង និងក្រសួងសេដ្ឋកិច្ចថា តើអ្នកណាទទួលខុសត្រូវចំពោះវិបត្តិនេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្នុងរដ្ឋាភិបាលចាំផ្ទះ លោក Amin Salam បានចោទប្រកាន់អ្នកដុតនំមួយចំនួនម្តងហើយម្តងទៀតថា បានរក្សាទុកម្សៅឧបត្ថម្ភធន ឬប្រើប្រាស់វាក្នុងការផលិតផលិតផលដែលមិនមានការឧបត្ថម្ភធន ដូចជាបង្អែមជាដើម។

ទន្ទឹមនឹងនេះ ម្ចាស់រោងម៉ាស៊ីនផលិតម្សៅបានចោទប្រកាន់អាជ្ញាធរពាក់ព័ន្ធថាមិនបានផ្តល់នូវបរិមាណចាំបាច់នៃម្សៅឧបត្ថម្ភធន ដែលជាលទ្ធផលនៃការពន្យារពេលរបស់ធនាគារកណ្តាលក្នុងការបើកឥណទានហិរញ្ញវត្ថុ ប៉ុន្តែក្រសួងបដិសេធរឿងនេះ។

ស្ថានភាពនេះបានកើតឡើងនៅចំកណ្តាលនៃវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ដែលបានវាយលុកប្រទេសលីបង់អស់រយៈពេលជាងពីរឆ្នាំមកហើយ។

រូបិយបណ្ណ«លីរ៉ា» របស់លីបង់បានបាត់បង់តម្លៃច្រើនជាង៩០ ភាគរយនៃតម្លៃរបស់វាធៀបនឹងប្រាក់ដុល្លារអាមេរិក ខណៈពេលដែលសមត្ថភាពរបស់ធនាគារកណ្តាលក្នុងការគាំទ្រការនាំចូលទំនិញសំខាន់ៗ រួមទាំងស្រូវសាឡី ប្រេងឥន្ធនៈ និងថ្នាំពេទ្យបានធ្លាក់ចុះ។

សមត្ថភាពស្តុកស្រូវសាឡីក្នុងបរិមាណដ៏ច្រើនរបស់ប្រទេសលីបង់បានជួបការប៉ះទង្គិចជាមួយនឹងការផ្ទុះដ៏សាហាវនៅកំពង់ផែ Beirut ក្នុងខែសីហាឆ្នាំ ២០២០ដែលបានធ្វើឱ្យខូចខាតដល់កន្លែងសន្និធិ(Silo) គ្រាប់ធញ្ញជាតិសំខាន់ៗរបស់ប្រទេស។ ជាងនេះទៅទៀត តំណាងអ្នកនាំចូលស្រូវសាឡីរបស់ប្រទេសលីបង់បានចង្អុលបង្ហាញថា ប្រទេសនេះនាំចូលស្រូវសាឡី៨០ភាគរយពីអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម។

ប្រទេសអ៊ុយក្រែនបានជាប់គាំងការនាំចេញស្រូវសាឡីនិងគ្រាប់ធញ្ញជាតិជាច្រើនទៀតទៅកាន់ទីផ្សារពិភពលោក ដោយសារការបិទខ្ទប់របស់ប្រទេសរុស្ស៊ីនៅច្រកសមុទ្ទនាំចេញ។

ក្រោមកិច្ចសម្របសម្រួលរបស់ប្រទេសតួកគីនិងអង្គការសហប្រជាជាតិ ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានឈានដល់កិច្ចព្រមព្រៀងនាំចេញគ្រា់ប់ធញ្ញជាតិកាលពីថ្ងៃទី២២ខែកក្កដានេះ ប៉ុន្តែទោះជាបែបណា ការនាំចេញនៅមានភាពមិនច្បាស់លាស់នៅឡើយ ដោយសារសង្គ្រាមកំពុងកើនឡើងខ្លាំងនៅប្រទេសអ៊ុយក្រែន៕

ប្រភព៖ Middleeastmonitor

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner