រដ្ឋមន្ត្រីការបរទេសអាមេរិក និងចិនបញ្ជាក់វត្តមានចូលរួមប្រជុំក្នុងរាជធានីភ្នំពេញ (Video Inside)

មន្ត្រីក្រសួងការបរទេសបានថ្លែងថា រដ្ឋមន្ត្រីការបរទេសអាមេរិក និងចិន បានបញ្ជាក់ វត្តមានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានរវាងពីថ្ងៃទី៣១កក្កដាដល់ថ្ងៃ៦ខែសីហាឆ្នាំ២០២២។ រដ្ឋលេខាធិការក្រសួងការបរទេសលោក លុយ ដាវីត បានបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្លីងខិន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សៀរហ្គេឡារ៉ូហ្វ មុននេះ បានបញ្ជាក់ផងដែរ នូវវត្តមានចូល រួមរបស់លោក ដែលរំពឹងថាកិច្ចប្រជុំវេលាខាងមុខនេះ នឹងមានការចាប់អារម្មណ៍កាន់តែខ្លាំង របស់ពិភពលោកខណៈដែលភាពតានតឹងក្នុងតំបន់និងសកលលោកកាន់តែកើនឡើងដោយ សារបញ្ហាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្ត្ររបស់ប្រទេសមហាអំណាចក្នុងតំបន់ថែមទៀត។

គណៈប្រតិភូដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដី​ការបរ​ទេស​​អាស៊ានលើកទី៥៥ និង កិច្ចប្រជុំ​ពាក់​ព័ន្ធនានា គឺមានចំនួន៣៨ប្រទេស ដែលកិច្ចប្រជុំនឹងរួមមាន កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន+ជប៉ុន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន បូក៣លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២, វេទិកា តំបន់អាស៊ាន (ARF) លើកទី២៩, និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ- ជប៉ុនលើក ទី១៥ ផងទៀត។

ប្រទេសអ៊ុយក្រែនដែលកំពុងមានសង្គ្រាមនឹង រុស្ស៊ី បានសំណូមពរចង់ចូលរួមជាភាគីជា មួយអាស៊ានដែរ ប៉ុន្តែដោយសារការដាក់ពាក្យរបស់អ៊ុយក្រែនហាក់ដូចជាយឺតជាងគេដូច្នេះ ក្នុងដំណើរការវិនិច្ឆ័យ និងវាយតម្លៃនៃការចូលរួមរបស់អ៊ុយក្រែននោះ មិនអាចរៀបចំធ្វើទាន់ ពេលវេលានោះឡើយ។ ក្រសួងការបរទេសកម្ពុជា បានថ្លែងថា ប្រទេសអ៊ុយក្រែន អាចចូល រួមជាភាគីជាមួយអាស៊ានបាន ប៉ុន្តែត្រូវរង់ចាំនៅឆ្នាំក្រោយគឺឆ្នាំ២០២៣។

ads banner