មនុស្សស្លាប់បួននាក់ និង៦០នាក់ទៀតរបួស ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៧រ៉ិចទ័រវាយប្រហារប្រទេសហ្វីលីពីន

ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីនលោក Benhur Abalos បាននិយាយថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧រ៉ិចទ័រដែលបានវាយប្រហារកោះ Luzon របស់ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់ និងប្រហែល៦០នាក់ផ្សេងទៀតរងរបួស។

នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos លោក Abalos បានបញ្ជាក់ថា អ្នកស្លាប់ពីរនាក់មកពី Benguet ម្នាក់មកពី Abra និងម្នាក់មកពីខេត្តនៅតំបន់ភ្នំ ហើយថា អ្នករបួសជាច្រើននាក់មកពីខេត្ត Abra។

លោក Abalos បន្តថា គ្រោះរញ្ជួយដីដ៏កក្រើកនេះ បានបង្កឱ្យមានហេតុការណ៍បាក់ដីជិត៦០ទីតាំង ហើយបានធ្វើឱ្យផ្លូវហាយវេ និងផ្លូវថ្នល់មិនអាចធ្វើដំណើរបាននៅក្នុងតំបន់ភាគខាងជើងហ្វីលីពីន។

យ៉ាងហោចណាស់ស្ពានចំនួនបីនៅក្នុងខេត្ត Abra ដែលជាចំណុចកណ្តាលនៃគ្រោះរញ្ជួយដីត្រូវបានខូចខាត។ លោកបន្ថែមថា គ្រោះរញ្ជួយដីខាងលើនេះ ក៏បានបង្កផលប៉ះពាល់ដល់តំបន់ភាគខាងជើងប្រទេសហ្វីលីពីនចំនួន៣ផងដែរ រួមទាំងខេត្តចំនួន១៥ ទីក្រុង១៥ សហគមន៍២១៨ និងភូមិចំនួន៦,៧៥៦។

គួរបញ្ជាក់ថា វិទ្យាស្ថានផ្នែភូមិវិទ្យាអាមេរិក (USGS) នៅថ្ងៃពុធនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតក្នុងកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារលើកោះ Luzon ដោយបង្កឱ្យមានការរញ្ជួយដល់តំបន់ជាច្រើន ក្នុងនោះរួមមានទាំងរដ្ឋធានីម៉ានីលផងដែរ។

បើតាម USGS គ្រោះរញ្ជួយដីខាងលើនេះមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ ហើយចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅចម្ងាយប្រហែល១១គីឡូម៉ែត្រ ពីខាងកើតឆៀងអាគ្នេយ៍នៃទីក្រុង Dolores ក្នុងខេត្ត Abra៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner