មេដឹកនាំជប៉ុន-ឥណ្ឌូនេស៊ីព្រមព្រៀងសហការគ្នាឆ្ពោះទៅរកកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ប្រកបដោយជោគជ័យ

តូក្យូ៖ មេដឹកនាំជប៉ុន និងឥណ្ឌូណេស៊ីបានព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធឆ្ពោះទៅរកកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ប្រកបដោយជោគជ័យ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ការព្រមព្រៀងគ្នាខាងលើនេះ បានកើតមានឡើងនាឱកាសដែលនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានជួបប្រជុំគ្នាប្រហែលមួយម៉ោងនៅទីក្រុងតូក្យូ នៅថ្ងៃពុធសប្តាហ៍នេះ។ បើតាមការគ្រោងទុក លោក វីដូដូ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ខណៈដែលប្រទេសឥណ្ឌូនេស៊ីកាន់តំណែងជាប្រធានាធិបតី G20 នៅឆ្នាំនេះ។

នៅពេលចាប់ផ្តើមកិច្ចចរចា លោក គីស៊ីដា បាននិយាយថា ជប៉ុនសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ឆ្ពោះទៅរកការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ ជាមួយគ្នានេះ លោក វីដូដូ បានប្រាប់លោក គីស៊ីដា ថា ឥណ្ឌូនេស៊ីបានលុបចោលរាល់ការរឹតបន្តឹងលើការនាំចូលអាហាររបស់ជប៉ុន ដោយសារតែឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi កាលពីឆ្នាំ ២០១១។ លោក គីស៊ីដា បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយកត់សម្គាល់ថា វានឹងលើកទឹកចិត្តយ៉ាងខ្លាំងដល់មនុស្សដែលបានរងគ្រោះពីគ្រោះថ្នាក់នេះ។

លោក គីស៊ីដា បានបន្ថែមទៀតថា ជប៉ុននឹងចូលរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពិភពលោករួមគ្នាជាមួយឥណ្ឌូនេស៊ី។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានឆ្លៀតពិភាក្សាគ្នាអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងបញ្ហាផ្សេងទៀតនៅពេលអាហារថ្ងៃត្រង់ផងដែរ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner