មេដឹកនាំរុស្ស៊ី-តួកគី នឹងជួបគ្នានៅទីក្រុងសូឈី នៅដើមខែសីហាខាងមុខនេះ
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានបង្ហើបឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នឹងជួបប្រជុំគ្នានៅទីក្រុងសូឈី ភាគខាងត្បូងប្រទេសរុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់)។
លោក Dmitry Peskov បន្តថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគី។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយតួកគីក៏បានរាយការណ៍ផងដែរថា កិច្ចពិភាក្សាខាងលើនឹងប្រព្រឹត្តទៅ ដោយយោងតាមប្រភពព័ត៌មានពីការិយាល័យប្រធានាធិបតីរបស់ប្រទេសទាំងពីរ។
លោក ពូទីន និងលោក អឺដូហ្គាន់ បានជួបគ្នាម្តងរួចមកហើយនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុន។ ដោយឡែកក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក ពូទីន ចង់បញ្ជាក់ពីទំនាក់ទំនងរបស់រុស្ស៊ីជាមួយតួកគី ដែលជាសមាជិកនៃអង្គការណាតូ ដើម្បីសម្តែងការប្រឆាំងនឹងសហរដ្ឋអាមេរិក។
ទន្ទឹមគ្នា លោក អឺដូហ្គាន់ ត្រូវបានគេរំពឹងថា នឹងស្នើឱ្យលោក ពូទីន អនុវត្តកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ខណៈដែលតួកគីបានដើរតួជាអ្នកសម្រុះសម្រួលសម្រាប់កិច្ចព្រមព្រៀងនេះ។ បន្ថែមលើនេះ លោក អឺដូហ្គាន់ ក៏ទំនងជានឹងជំរុញដល់មេដឹកនាំរុស្ស៊ីឱ្យបើកកិច្ចចរចាលើបទឈប់បាញ់ជាមួយអ៊ុយក្រែនឡើងវិញផងដែរ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា





