ការសន្ទនារវាងលោក បៃដិន និងលោក ស៊ី ត្រូវបានរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម កោះតៃវ៉ាន់ និងអ៊ុយក្រែន

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិនលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម កោះតៃវ៉ាន់ និងអ៊ុយក្រែន តាមរយៈប្រព័ន្ធទូរស័ព្ទ ឬតាមអ៊ីនធឺណិតនៅចុងសប្តាហ៍នេះ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារសប្តាហ៍នេះថា ការពិភាក្សាខាងលើនេះនឹងគ្របដណ្តប់លើអ្វីគ្រប់យ៉ាងកើតចេញពីភាពតានតឹងលើបញ្ហាកោះតៃវ៉ាន់ រហូតដល់សង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជារបៀបដែលយើងគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ជាពិសេសវិស័យសេដ្ឋកិច្ច។

បច្ចុប្បន្នរដ្ឋបាលលោក ចូ បៃដិន កំពុងពិចារណាលើការទម្លាក់ពន្ធមួយផ្នែកលើទំនិញនាំចូលពីប្រទេសចិន ដើម្បីជួយបន្ធូរបន្ថយអតិផរណានៅសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Kirby បាននិយាយថា គាត់ (លោក បៃដិន) មិនបានធ្វើការសម្រេចចិត្តនៅឡើយទេ។ ខ្ញុំមិនគិតថា វានឹងក្លាយជាប្រធានបទសំខាន់នៃការពិភាក្សានោះទេ។

ដោយឡែកចំពោះដំណើរទស្សនកិច្ចដែលអាចកើតឡើងរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់វិញ លោក Kirby បាននិយាយថា មានតែលោកស្រីទេដែលអាចធ្វើការសម្រេចចិត្តអំពីការធ្វើដំណើររបស់លោកស្រីខ្លួនឯងផ្ទាល់ ហើយបានកត់សម្គាល់ថា វាគ្មិនមិនបានធ្វើការប្រកាសណាមួយទាក់ទងនឹងការធ្វើដំណើរនោះទេ។ តែទោះបីជាយ៉ាងណា ប្រទេសចិនបានចេញការព្រមានអំពីផែនការរបស់លោកស្រី Pelosi ក្នុងការធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា ខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ប្រសិនបើលោកស្រីធ្វើដូច្នេះ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner