រដ្ឋមន្រ្តីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមក ជាមួយនិងសាកលវិទ្យាល័យ Konyang នៃសាធារណរដ្ឋកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍនធនធានមនុស្សសំដៅជំរុញឲ្យសង្គម និងសេដ្ឋកិច្ចរីកចម្រើន

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Chung Utak សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Kyung Hee និងជាអ្នកសម្របសម្រួលគម្រោង GPE ព្រមទាំងលោកសាស្រ្តាចារ្យបណ្ឌិត Bang Yonghwan នៃ សាកលវិទ្យាល័យ Konyang នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដោយការសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិត ម៉ុក សារ៉ុម ។

លោកសាស្រ្តាចារ្យបណ្ឌិត Bang Yonghwan បានធ្វើបទបង្ហាញពី K-MOOC (Korea Massive Open Online Courses) ដែលកំពុងអនុវត្តយ៉ាងទូលំទូលាយដោយវិទ្យាស្ថានជាតិការអប់រំពេញមួយជីវិត (National Institute of Lifelong Education – NILE) នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបានធ្វើបទបង្ហាញពីសំណើគម្រោងរយៈពេល ៥ ឆ្នាំ ស្តីពី K-MOOC based Digital Literacy Improvement Project for Cambodian Teachers ដែលត្រូវអនុវត្តដោយ NILE-KOREA (២០២៤-២០២៨)។

ទន្ទឹមនេះ លោកសាស្រ្តាចារ្យបណ្ឌិត Bang Yonghwan បានបង្ហាញពីប្រព័ន្ធការអប់រំតាមអនឡាញនៅសាកលវិទ្យាល័យក្នុងសាធារណរដ្ឋកូរ៉េ (Korean Online University System) និងលោកសាស្រ្តាចារ្យបណ្ឌិត Chung Utak ក៏បានលើកឡើងពីការអប់រំភាពជាពលរដ្ឋសាកល ដែលកម្ពុជាបានទទួលជោគជ័យក្នុងកិច្ចការបញ្ជ្រាបចូលក្នុងកម្មវិធីសិក្សាជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមក និងកោតសរសើរចំពោះគម្រោង និងផែនការខាងមុខទៀត ដែលចាត់ទុកការអប់រំជាវិស័យគន្លឹះមួយក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញឱ្យសង្គម និងសេដ្ឋកិច្ចរីកចម្រើន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner