សម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមកត់សម្គាល់អំពីផ្លែផ្កាជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យ ឯកឧត្តម ដុ វ៉ាន់ចៀន (Do Van Chien) លេខា មជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀត ណាម ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ នៅវិមានរដ្ឋសភា។

ប្រភពរដ្ឋសភាបានបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តម ដុ វ៉ាន់ចៀន បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលកន្លង មកនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាបងប្អូននៃប្រទេសទំាងពីរ ដែលមានការ រីកចម្រើនជាលំដាប់ ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាក នៃ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាសកលនេះយ៉ាងណាក្តី។ ឯកឧត្តមបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និង វៀតណាម សម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ២០២១ នឹង សង្ឃឹម ថា នៅឆ្នាំ២០២២នេះ នឹងសម្រេចបាន១២ពាន់លាន ដុល្លារ។

បញ្ជាក់តបជូនភ្ញៀវសម្តេចចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់ គណៈប្រតិភូ រណសិរ្សមាតុភូមិវៀតណាមនាពេលនេះ បង្ហាញពីការបន្ត លើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ច សហ ប្រតិ បត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ពិសេសរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្ស មាតុភូមិ វៀតណាម ឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនង មិត្តភាព សាមគ្គី ភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ច សហ ប្រតិបត្តិ ការ លើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងវៀតណាម ត្រូវបានថ្នាក់ ដឹកនាំនិងប្រជាជនជាច្រើនជំនាន់រួមគ្នាពូនជ្រុំ និងកសាងជាបន្តបន្ទាប់ ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។ នៅក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ ប្រទេសទាំងពីរសម្រេច បាននូវសមិទ្ធផលជាច្រើន ដែលកើតចេញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងប្រសើរលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទាំងសងខាង មានជាអាទិ៍ ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចបានសម្តែងនូវការអបអរសារទរចំពោះ ការសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធី សហប្រតិបត្តិការរវាងរណសិរ្សប្រទេសកម្ពុជា វៀតណាម និងប្រទេស ឡាវ សម្រាប់ដំណាក់កាលឆ្នាំ២០២០-២០២៣។ សម្តេចមាន សុទិដ្ឋិនិយមថា កម្ពុជា-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈ នៃការយោគយល់នេះ ឱ្យក្លាយទៅជាសកម្មភាព និងសមិទ្ធផល ជាក់ស្តែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិទំាងសងខាង៕ ដោយៈ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner