ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតាមប្រពន្ធZOOMស្ដីពីការពិនិត្យលើការកាន់កាប់ដី និងអាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ភ្នំពេញ ៖ នៅទីស្ដីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំពិភាក្សាលើការកាន់កាប់ដី និងអាស្រ័យផលជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការជាតិ។
ដោយឡែកនៅខេត្តពោធិ៍សាត់ ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្ដីទី ក៍បានដឹកនាំខណ្ណរដ្ឋបាលព្រៃឈើ មន្ទីរបរិស្ថាន និងអភិបាលក្រុងស្រុកទាំង៧ ចូលរួមក្នុងកិច្ចប្រជុំខាងលើនេះតាមប្រព័ន្ធZOOM នៅសាលប្រជុំជាន់ទី១ក្នុងរដ្ឋបាលសាលាខេត្តផងដែរ។
កិច្ចប្រជុំនេះគឺដើម្បីពិនិត្យលទ្ធភាពបន្ថែមក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ បឹងទន្លេសាប ឱ្យមាននិរន្តរភាព ក៏ដូចជាការដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ ជាពិសេសក្នុងការផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋជាមួយនឹងការគ្រប់គ្រងដីធ្លី ការពិនិត្យព្រំប្រទល់រវាងដីតំបន់២កាត់ចូលតំបន់១ និងពិនិត្យលទ្ធភាពបន្ថែមក្នុងការកាត់ឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលតាមគោលការណ៍ស្មារតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ ចេង ពុំ
