កីឡាជនពិការវាយកូនឃ្លីលើតុកម្ពុជាសង្ឃឹមឈ្នះមេដាយ១ពីអាស៊ានប៉ារ៉ាហ្គេម

សូឡូ៖ ក្រុមអត្តពលិកជនពិការវាយកូនឃ្លីលើតុកម្ពុជាបានហ្វឹកហាត់ជាផ្លូវការរយៈពេល២ថ្ងៃនៅទីលានក្នុងប្រទេសឥណ្ឌូនេស៊ី និងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២។

លោក ឃឹម បូរី គ្រូបង្វឹកកីឡាជនពិការវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ថា ក្រុមរបស់លោកហ្វឹកហាត់បានល្អនៅឥណ្ឌូនេស៊ី ហើយការបង្វិលរទេះ បំលាស់ទីរបស់កីឡាករម្នាក់ៗមានលំនឹងល្អជាងនៅកម្ពុជា និងស្របតាមស្តង់ដាអន្តរជាតិ។ ការហ្វឹកហាត់ពីរថ្ងៃនៅឥណ្ឌូនេស៊ីល្អមែនទែន។

«ខ្ញុំសង្ឃឹមថា យើងប្រហែលជាបាន១ អាចមេដាយសំរឹទ្ធ។ យើងបានមើលគូប្រកួតដែរ ដូចវៀតណាមជាដើម យើងអាចយកឈ្នះបាន។ ខ្ញុំគិតថា វិញ្ញាសាវាយគូគឺយើងអាចសង្ឃឹមទទួលបានមេដាយ។ សង្ឃឹមច្រើនមែនទែន ដោយសារយើងមើលឃើញថា ការលេងវាយគូរបស់កីឡាករយើងល្អ បើប្រៀបធៀបនឹងកីឡាករប្រទេសផ្សេង»។ លោកគ្រូបង្វឹកបានបង្ហាញក្តីសង្ឃឹម និងបញ្ជាក់ថា ក្រុមអត្តពលិកជនពិការវាយកូនឃ្លីលើតុកម្ពុជាប្រកួត៣វិញ្ញាសាគឺ វិញ្ញាសាឯកត្តជន វាយគូ និងវិញ្ញាសាជាក្រុម។

សម្រាប់កីឡាវាយកូនឃ្លីលើតុនេះមានប្រទេសចំនួន៨បញ្ជូនក្រុមអត្តពលិករបស់ខ្លួនចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២នេះ។ សម្រាប់វិញ្ញាសាឯកត្តជនត្រូវប៉ះកីឡាករទាំង៨ប្រទេស ប៉ុន្តែវិញ្ញាសាគូមាន៦ប្រទេសគឺវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងថៃ។

លោកគ្រូបង្វឹក ឃឹម បូរី បានបញ្ជាក់ថា ៖«ប្រទេសដែលយើងអាចសង្ឃឹមយកឈ្នះគឺវៀតណាម និងហ្វីលីពីន។ ឧបសគ្គធំបំផុតរបស់យើងគឺថៃ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី។ នេះជាអ្វីដែលយើងសង្ឃឹមដោយផ្អែកលើការវាយតម្លៃ ប៉ុន្តែចង់ឲ្យទទួលបានលទ្ធផលល្អប្រសើរជាងអ្វីដែលយើងសង្ឃឹម»។

ក្រុមអត្តពលិកជនពិការកីឡាវាយកូនឃ្លីលើតុកម្ពុជាបានហ្វឹកហាត់រួចរាល់ហើយលើទីលានត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្តើមបើកជាផ្លូវការនាថ្ងៃទី៣០ ខែកក្កដា។ ក្រុមអត្តពលិកជនពិការកីឡាវាយកូនឃ្លីលើតុកម្ពុជាមានគ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករ៨រូប។ កីឡាវាយកូនឃ្លីលើតុនឹងប្រកួតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner