លោក ស៊ី៖ ចិនត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយអ៊ីរ៉ង់ ក្នុងការលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សណ្តាប់ធ្នាប់អន្តរជាតិ

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី។ នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងក្តីកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក ព្រមទាំងរក្សាការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ ដែលជាបទដ្ឋានជាមូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ។

លោក ស៊ី បន្តថា ចិនកោតសរសើរដល់ការគាំទ្រយ៉ាងសកម្មរបស់អ៊ីរ៉ង់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងសន្តិសុខសកល ហើយត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយអ៊ីរ៉ង់ ដើម្បីលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើម និងជំរុញឱ្យមានការអភិវឌ្ឍន៍សណ្តាប់ធ្នាប់អន្តរជាតិ ឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ និងសមហេតុផល។

ជាមួយគ្នានេះ លោក រ៉ៃស៊ី បាននិយាយថា លោកជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងសម្រេចបាននូវកម្រិតអភិវឌ្ឍន៍កាន់តែខ្ពស់នាពេលអនាគត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ។ លោកបន្តថា វាគឺជាអាទិភាព និងជាផ្នែកសំខាន់នៃគោលនយោបាយការបរទេសដែលបានបង្កើតឡើងរបស់អ៊ីរ៉ង់ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអ៊ីរ៉ង់-ចិន។

លោក រ៉ៃស៊ី បន្ថែមថា ទាំងអ៊ីរ៉ង់ និងចិនប្រឆាំងអនុត្តរភាព និងលទ្ធិឯកតោភាគី ហើយបដិសេធការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ និងស្តង់ដារទ្វេភាគី ហើយថា អ៊ីរ៉ង់ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន។

លោក រ៉ៃស៊ី បញ្ជាក់ថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយចិន ក្នុងគោលបំណងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ព្រមទាំងការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងការលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner