មន្ត្រីជំនាញ និងអាជ្ញាធរ បានកសាងស្ពានបណ្ដោះអាសន្ន ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់នៅលើទំនប់ចាក់ទឹមដែលបានហូរច្រោះកាត់ផ្ដាច់ដោយសារជំនន់ទឹកភ្លៀងជាង ១០០ម៉ែត្រនោះហើយ

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានការសំណូមពរ របស់ប្រជាពលរដ្ឋរស់នៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ដែលជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ដោយសារតែទំនប់ទឹកចាក់ទឹមដែលជាទំនប់ផងជាផ្លូវធ្វើដំណើរផងបានកាត់ផ្ដាច់ កាលពីពេលកន្លងទៅ ពេលនេះអាជ្ញាធរនិងមន្ត្រីជំនាញបានធ្វើស្ពានឆ្លងកាត់ជាបណ្ដោះអាសន្នបានហើយ បើទោះជាពុំសូវមានសុវត្ថិភាពយ៉ាងណាក្តី ក៏ពួកគាត់អាចធ្វើដំណើរឆ្លងកាត់បានមួយគ្រាដែរ។

សូមបញ្ជាក់ដែរថា ទំនប់ទឹកចាក់ទឹម ដែលជាផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ត្រូវបានកាត់ផ្ដាច់កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ។ ជាមួយនឹងការខូចខាតផ្លូវធ្វើដំណើរ ក៏បានបណ្ដាលឱ្យមានការខូចខាតលំនៅដ្ឋាន និងដំណាំដាំដុះមួយចំនួន ព្រមទាំងមានក្របី២ក្បាលបានងាប់ផងដែរ ។

ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរ និងចេញចូលប្រកបអាជីវកម្មនិងការរស់នៅ ហើយពួកគាត់បានសំណូមពរតាម រយ:សារព័ត៌មាន ទើបពេលនេះខាងមន្ទីរពាក់ព័ន្ធដូចជាអាជ្ញាធរបានកសាងស្ពានជាបណ្ដោះអាសន្នរួចរាល់ដែលអាចធ្វើដំណើរដោយម៉ូតូគោយន្តឬរថយន្តធុនតូចៗបានហើយ ។

ប្រជាពលរដ្ឋរស់នៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស បានថ្លែងអំណរគុណដល់មន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់កសាងស្ពានបណ្ដោះអាសន្នបានធ្វើដំណើរបែបនេះ ព្រោះមួយរយៈនេះ មិនអាចទៅមកបានឡើយ ហើយពេលនេះពួកគាត់អាចធ្វើដំណើរបាន បើទោះបីពុំសូវមានសុវត្ថិភាពយ៉ាងណាក្តី ក៏ប្រសើរជាងពេលដែលពុំទាន់មានស្ពាននេះដែរ ។

ជុំវិញបញ្ហាការធ្វើស្ពានបណ្ដោះអាសន្នដែលមានប្រវែងជាង ១០០ម៉ែត្រនេះដែរ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទចូលតែគ្មានអ្នកទទួល ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner