ប្រធានាធិបតីហ្វីលីពីនថា ប្រទេសខ្លួនមិនចង់ចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) វិញទេ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណាន់ ម៉ាកូស នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា រដ្ឋាភិបាលរបស់លោកមិនមានបំណងចង់ចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើងវិញនោះទេ។

លោក ម៉ាកូស បន្តថា ការស៊ើបអង្កេតជាបន្តរបស់ ICC លើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលត្រូវបានចោទប្រកាន់ដោយរដ្ឋបាលលោក រ៉ូឌ្រីហ្គោ ឌូតើតេ ពីមុន គឺមិនចាំបាច់ទេ ដោយបន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្នក៏កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះផងដែរ។

កាលពីសប្តាហ៍មុន មេដឹកនាំហ្វីលីពីនរូបនេះ បានកោះប្រជុំក្រុមអ្នកច្បាប់របស់រដ្ឋាភិបាលលោក ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់រដ្ឋបាល ក្នុងការដោះស្រាយជាមួយ ICC។ ប្រទេសហ្វីលីពីនបានជូនដំណឹងជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិក្នុងខែមីនា ឆ្នាំ២០១៨ អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកខ្លួនចេញពីលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីស្ថាប័ននេះបានចាប់ផ្តើមការស៊ើបអង្កេតលើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អតីតប្រធានាធិបតីហ្វីលីពីនលោក ឌូតើតេ។

លោក ឌូតើតេ នៅពេលនោះបាននិយាយថា ការចោទប្រកាន់របស់ ICC គឺជាការវាយប្រហារគ្មានមូលដ្ឋាន មិនធ្លាប់មានពីមុនមក និងគួរឱ្យខឹងសម្បារ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន មនុស្សជាង ៦,០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលលោក ឌូតើតេ បានចាប់ផ្តើមបន្ទាប់ពីលោកបានឡើងកាន់តំណែងក្នុងឆ្នាំ២០១៦៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner