កម្ពុជា-ឥណ្ឌា បន្តពង្រឹងទំនាក់ទំងវប្បធម៌ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ប្រយោជន៍រួមដល់ប្រទេសទាំងពីរ

សៀមរាប៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា ឯកឧត្តម Subrahmanyam Jaishankar បានលើកឡើងថា គិតត្រឹមឆ្នាំ២០២២នេះ កម្ពុជា និងឥណ្ឌាមានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេល ៧០ឆ្នាំហើយ គឺជាឱកាសនៅក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ឲ្យកាន់តែស៊ីជម្រៅសម្រាប់ប្រយោជន៍ប្រទេសទាំង២ថែមទៀត។

ឯកឧត្តម Subrahmanyam Jaishankar បានលើកឡើងបែបនេះ នៅក្នុងពិធីលាងសាយភោជន៍ដែលរៀបចំដោយក្រសួងទេសចរណ៍ នៅប្រាសាទក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប ខេត្តសៀមរាប កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ។

ឯកឧត្តម បន្តថា ប្រាសាទបុរាណនៅខេត្តសៀមរាប ដែលបានសាងសង់ឡើងនៅសតវត្សទី ១០នេះ និងប្រាសាទជាច្រើន ដូចជាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ដែលឯកឧត្តមបានទៅទស្សនា គឺជាភស្តុតាងនៃទំនាក់ទំនងប្រវត្តិសាស្រ្ត និងអរិយ្យធម៌ពាក់ព័ន្ធគ្នា ។ ឥណ្ឌាមានតួនាទីយ៉ាងសំខាន់ក្នុងការស្តារនិងអភិរក្សប្រសាទនានា ដែលធ្វើឱ្យទំនាក់ទំនងកាន់តែល្អលើផ្នែកទេសចរណ៍ ជំនួញ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

សៀមរាប ជាខេត្តរបស់កម្ពុជា ដែលពិភពលោកទទួលស្គាល់ជាតំបន់បេតិកភ័ណ្ឌពិភពលោក និងមានការផ្សារភ្ជាប់ជាមួយឥណ្ឌា។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជានិងឥណ្ឌាមានអរិយ្យធម៌ស្រដៀងគ្នា តាំងពីរាប់ពាន់ឆ្នាំមុន។ ក្នុងនាមជាប្រជាជាតិទំនើប កម្ពុជានិងឥណ្ឌាកំពុងប្រារព្ធគំរប់ខួប ៧០ឆ្នាំនៃចំណងការទូត ក្នុងឆ្នាំ២០២២នេះ។ នេះគឺជាឱកាសក្នុងការពង្រឹងទំនាក់ទំងវប្បធម៌អោយកាន់តែស៊ីជម្រៅថែមទៀត សម្រាប់ប្រយោជន៍ដល់ប្រទេសទាំងពីរ កម្ពុជា,ឥណ្ឌា៕ ដោយ ស៊ាន សុផាត

ads banner