ប្រតិភូគណៈបញ្ជការយោធាទីក្រុងហូជីមិញ ឧបត្ថម្ភថវិកាសម្រាប់សាងសង់អគារ ទីបញ្ជាការផ្នែកសឹករងតាំងគោក

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ត្រី ឡេ ង៉ុកហាយ មេបញ្ជាការរង បានដឹកនាំប្រតិភូគណៈបញ្ជការយោធាទីក្រុងហូជីមិញយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នាំយកថវិកាប្រគល់ថវិកា ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់សាងសង់អគារទីបញ្ជាការផ្នែកសឹករងតាំងគោក រួមទាំងស្បៀងអាហារ សម្រាប់សកម្មភាពមនុស្សធម៌ ជួយដល់គ្រួសារកងទ័ពអតីតយុទ្ឋជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។

ឧត្ដមសេនីយ៍ត្រី ឡេ ង៉ុកហាយ បានមានប្រសាសន៍ថា យោងតាមកិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពប្រជាជនសាធារណរដ្ឋសង្គមនិយមវៀតណាម និងកិច្ចសហ ប្រតិបត្តិការ រវាងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជាមួយបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមកនេះ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានជួយឧបត្ថម្ភថវិកាសាងសង់អគារទីបញ្ជាការផ្នែកសឹករងទាំង៨ និង វរសនាតូចទាំង២សរុប១០ខ្នងរួចមកហើយ ដែលមានទំហំ១៩៥ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ដោយឡែកនៅថ្ងៃនេះ បានឧបត្ថម្ភថវិកាជាថ្មី សម្រាប់សាងសង់អគារទីបញ្ជាការផ្នែកសឹករងតាំងគោក ដែលជាស្រុកទើបបង្កើតថ្មី ព្រមទាំងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនសម្រាប់ការងារ ក្នុងវិស័យមនុស្សធម៌ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ គណៈបញ្ជាការយោធាទីក្រុងហូជីមិញយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជានិច្ចកាលតែងតែជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានអាគារសរុប ចំនួន១២ ខ្នងរួចមកហើយ នៅទីបញ្ជការតំបន់ប្រតិបត្តិការសឹករង និងនៅតាមបណ្ដាអង្គភាពចំណុះ និងបានឧបត្ថម្ភអង្ករ ១០តោន មី ៥០០កេស ត្រីខកំប៉ុង ១០០កេស សម្រាប់បន្តសកម្មភាពមនុស្សធម៌ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ពីវិធានការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លង ជំងឺកូវីដ-១៩ កន្លងមកនេះ គណៈបញ្ជាការយោធាទីក្រុងហូជីមិញ បានឧបត្ថម្ភបរិក្ខាពេទ្យ ម៉ាស់ អាល់កុលសម្លាប់មេរោគ ជែលសម្រាប់លាងសំអាតដៃ ម៉ាស់ស៊ីនវាស់ស្ទង់កំដៅ សំលៀកបំពាក់សម្រាប់ក្រុមគ្រូពេទ្យ និងស្បៀងអាហារគ្រឿងឧបភោគ បរិភោគផងដែរ សម្រាប់ផ្គត់ផ្គង់ដល់គ្រួសារកងទ័ព អតីតយុទ្ឋជន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩កន្លងមកនេះ ៕ ដោយ ប៊ុន រដ្ឋា

ads banner