ខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទបំផ្លាញចោលរបាំងស្បៃមុងចំនួន ១១កន្លែង ប្រវែង ៨០០ម៉ែត្រ និងអប់រំ ផ្សព្វផ្សាយច្បាប់ស្ដីពីជលផលដល់បងប្អូនប្រជានេសាទ
កំពង់ឆ្នាំង ៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌ រដ្ឋ បាលជលផលកំពង់ឆ្នាំងនៅថ្ងៃទី៣ ខែសីហានេះ បានចុះប្រតិបត្តិការបង្រ្កាប បទល្មើសជលផល នៅចំណុចមេទឹកពាមឆ្កោក ដល់ខ្វែងឆ្លុះ ស្រុកជលគីរីដោយប្រើប្រាស់កម្លាំងសរុប ១១នាក់មានកាណូតបាឡាស្មាច់ ចំនួន ០៣គ្រឿង ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបំផ្លាញចោល របាំងស្បៃមុងចំនួន ១១ កន្លែង ប្រវែង ៨០០ម៉ែត្រ,លបលូស្បៃមុងចំនួន ១២មាត់ ,បង្គោលចំនួន២០០ ដើម ,និង ចាក់លែងត្រីចម្រុះចំនួន ២០ គីឡូ ចូលក្នុងបឹងទន្លេវិញ ។
ដោយឡែកសមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់រដ្ឋបាលជលផលចុងកោះ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះពិនិត្យទីតាំងប្រជាពលរដ្ឋ ០៦គ្រួសារ មកស្នាក់នៅចំណុច ទួលអំពិល សង្កាត់កំពង់ឆ្នាំង ប្រកបមុខរបរកាវលៀសខុស ច្បាប់ ។ ក្រោយពីពិនិត្យឃើញជាក់ ស្តែងសមត្ថកិច្ចបានឯកភាពគ្នាធ្វើលិខិតព្រមាន និង បានឱ្យគាត់រុះរេីសម្ភារចាកចេញ វិលត្រឡប់ទៅផ្ទះវិញ។
ចំណែកសង្កាត់ជលផលបរិបូណ៍ បានសហការណ៍ជាមួយអាជ្ញាធរឃុំឆ្នុកទ្រូ និងមន្ត្រីបរិស្ថាន ស្នាក់ការតំបន់ប្រើ ប្រាស់ច្រើនយ៉ាងបឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំង និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ បានធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីជលផល ប្រកាស៤៥៨ ប្រ.ក. កសក ស្ដីពីការកំណត់ប្រភេទឧបករណ៍នេសាទគ្រួសារដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ដោយមាន ការចូលរួមពីប្រជាពលរដ្ឋចំនួន ៧៦នាក់ ក្នុងនោះមានស្រីចំនួន ២៥នាក់ ៕
សុខ គឹមសៀន







