រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញសេចក្តីថ្លែងការណ៍ ស្តីពីការវិវឌ្ឍឆ្លងច្រកសមុទ្រ
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការវិវឌ្ឍឆ្លងច្រកសមុទ្រ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ថា អាស៊ាន មានការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះ នៅតំបន់ក្បែរអាស៊ាន ដែល អាច បង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។
អាស៊ាន អំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញុង ហើយប្រកាន់ខ្ជាប់ គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះ គោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗ។
ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់ គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនាដោយសន្តិវិធីរវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់របស់យើង៕ ដោយ សួង ពិសិដ្ឋ
