វិបត្តិប៉ាឡេស្ទីន-អ៊ីស្រាអែល ផ្ទុះឡើងជាថ្មីនិងធំបំផុតរាប់តាំងពីជម្លោះ ១១ ថ្ងៃឆ្នាំមុន

ភាពតានតឹងនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងសារជាថ្មី ដោយសម្លាប់មនុស្សជិត ៣០ នាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យដោយផ្តួចផ្ដើមការវាយប្រហារគ្នាទៅវិញទៅមកដ៏ធំបំផុត រាប់ចាប់តាំងពីជម្លោះ ១១ ថ្ងៃ ខែឧសភា ឆ្នាំមុន។

ត្រឹមរយៈជិត ៣ ថ្ងៃនៃជម្លោះ ជនជាតិប៉ាឡេស្ទីនចំនួន ៣១ដែលក្នុងនោះមានក្មេងៗ ៦ នាក់ ត្រូវបានសម្លាប់ ខណៈជាង ២៦០ នាក់បានរងរបួស។ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយនៅថ្ងៃអាទិត្យ។

អ៊ីស្រាអែលបានចាប់ផ្ដើមបើកការវាយប្រហារកាលពីថ្ងៃសុក្រ ក្នុងអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការទុកជាមុន» ដោយដាក់លើគោលដៅក្រុមជីហាដអ៊ិស្លាមប៉ាឡេស្ទីន (PIJ)ដែលលោកនាយករដ្ឋមន្រ្តី Yair Lapidហៅថាជា «កម្លាំងប្រូកស៊ីអ៊ីរ៉ង់ ដែលចង់បំផ្លាញរដ្ឋអ៊ីស្រាអែល»។

ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹង ដែលបង្កឡើងដោយការចាប់ខ្លួនលោក Bassem al-Saadiដែលជាសមាជិកជាន់ខ្ពស់មួយរូបនៃក្រុមសកម្មប្រយុទ្ធដែលអ៊ីស្រាអែលរាប់ថាជាក្រុមភេរវករមួយនេះ កាលពីដើមសប្ដាហ៍។

ប្រតិបត្តិការផ្សេងៗអ៊ីស្រាអែល រួមទាំងការបំផ្ទុះលំនៅដ្ឋាន និងការវាយប្រហារតាមអាកាស បានបន្តរហូតមកដល់ព្រឹកថ្ងៃអាទិត្យ ដោយសម្លាប់មន្រ្តីជាន់ខ្ពស់របស់ក្រុមជីហាដដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន ២ រូប រួមមានមេបញ្ជាការភូមិភាគខាងត្បូងហ្គាហ្សាលោក Khaled Mansour និងមេបញ្ជាការភូមិភាគខាងជើងហ្គាហ្សា លោក Taysir al-Jabari។

ក្រុមជីហាដ ហៅការវាយប្រហារដំបូងរបស់អ៊ីស្រាអែល ថាស្មើនឹង «ការប្រកាសសង្រ្គាម»។ លោក Ziad al-Nakhalahមេដឹកនាំក្រុមសកម្មប្រយុទ្ធនេះ សន្យាថានឹងសងសឹកអ៊ីស្រាអែលវិញចំពោះការវាយប្រហារនៅហ្គាហ្សា។

លោកនិយាយថា៖ «ពួកអ៊ីស្រាអែល ដែលជាសត្រូវបានចាប់ផ្តើមការឈ្លានពាននេះហើយ វាត្រូវតែរំពឹងថា ពួកយើងនឹងប្រយុទ្ធមិនឈប់ឈរ។គ្មានបន្ទាត់ក្រហមក្នុងសមរភូមិនោះទេដោយទីក្រុងតែវអាវ៊ីវនិងក្រុងអ៊ីស្រាអែលដទៃទៀត នឹងក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅនៃរ៉ុក្កែតរបស់យើង»។

រាប់តាំងពីថ្ងៃសុក្រមក រ៉ុក្កែត និងគ្រាប់ប្លោងជាង ៥៨០ គ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅអ៊ីស្រាអែល ដោយចន្លោះពី ៤៥០-៤៧០ គ្រាប់បាញ់ចេញពីហ្គាហ្សាគិតត្រឹមព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF)ដែលនិយាយថា គ្រាប់ខ្លះធ្លាក់ក្នុងតំបន់ហ្គាហ្សា អ៊ីស្រាអែល ខណៈជាង ២០០ គ្រាប់ត្រូវបានកម្ទេចដោយប្រព័ន្ធការពារអាកាស Iron Dome របស់ខ្លួន។

ជម្លោះលើកនេះ មានទ្រង់ទ្រាយដ៏ធំបំផុតរាប់តាំងពីជម្លោះ ១១ ថ្ងៃ ដែលកើតឡើងរវាងការប្រយុទ្ធគ្នារវាងពួកហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីខែឧសភា ឆ្នាំមុន ដែលសម្លាប់ជនជាតិប៉ាឡេស្ទីន ២៦០ នាក់ និងមនុស្ស ១៣ នាក់នៅអ៊ីស្រាអែល។

ខណៈផលវិបាកនៃជម្លោះកាលពីលើកនោះមិនទាន់ស្រាកស្រាន្តសម្រាប់ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សា មានការភ័យខ្លាចដែលថា ភាពតឹនតឹងដូចនោះនឹងកើតឡើងជាថ្មី។ ប្រជាជនប៉ាឡេស្ទីនប្រហែល ២,៣លាននាក់ ត្រូវរស់នៅផ្តុំគ្នាក្នុងតំបន់ ហើយត្រូវបានរឹតបណ្តឹងចំពោះការចេញចូលទៅអ៊ីស្រាអែល និងអេហ្ស៊ីប ដោយលើកឡើងពីកង្វល់សន្តិសុខ។

ទន្ទឹមនឹងនោះ មុនការវាយប្រហារចាប់ផ្ដើមនៅថ្ងៃសុក្រ អ៊ីស្រាអែលបានបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈដែលបានគ្រោងទុកទៅកាន់តំបន់ហ្គាហ្សាភ្លាមៗដែលធ្វើឱ្យមានការព្រមានពីក្រសួងសុខាភិបាលតំបន់ថា នឹងមានការលំបាកយ៉ាងខ្លាំងដោយសារតែកង្វះអគ្គីសនី។

ខណៈកម្ដៅនៃជម្លោះកើនឡើង អេហ្ស៊ីបនិយាយថា ខ្លួនបានចូលរួមនៅក្នុងកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់កាលពីថ្ងៃសៅរ៍។ ប៉ុន្តែខណៈការវាយប្រហារគ្នាកាន់តែខ្លាំង ក្រុមជីហាដចោទអ៊ីស្រាអែលថាមិនគោរពតាមអ្នកសម្រួលអេហ្ស៊ីប ខណៈអ៊ីស្រាអែលថាខ្លួនបន្តប្រតិបត្តិការរបស់ខ្លួន យ៉ាងហោចណាស់មួយសប្ដាហ៍ទើបបញ្ចប់។

ភាពតានតឹងកាន់តែខ្លាំងនៅពេលនេះនឹងអាស្រ័យថាតើក្រុមហាម៉ាស់ នឹងជ្រើសរើសចូលរួមក្នុងការប្រយុទ្ធជាមួយក្រុមជីហាដអ៊ីស្លាម ដែលតូចជាងខ្លួនឬយ៉ាងណា។

ក្រសួងការបរទេសអាមេរិកនិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានគាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ហើយវាបានជំរុញឱ្យភាគីទាំងអស់ជៀសវាងការបង្កើនភាពតានតឹង។

ចំណែកអ្នកការទូតមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីអំពើហិង្សា ហើយអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិច បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល។

ទន្ទឹមនឹងនោះ ខណៈអ៊ីរ៉ង់ តួកគី និងស៊ីរីថ្កោលទោសអ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបិទទ្វារជាបន្ទាន់មួយនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីភាពតានតឹងចុងក្រោយរវាងភាគីនៃជម្លោះទាំង២។

ប្រភព៖ reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner