អ្នកស្រី ឱ ដាវី បើកហាងកាហ្វេដោយមិនប្រើប្លាស្ទិក ដើម្បីចូលរួមការពារបរិស្ថាន លើកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក

ភ្នំពេញ៖ បច្ចុប្បន្ននេះ កំណើននៃអាជីវកម្មហាងកាហ្វេបានរីកលូតលាស់គ្រប់ទីកន្លែងមិនថានៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តនានាឡើយ ជាហេតុធ្វើអោយការប្រកបអាជីវកម្មប្រភេទនេះមានការប្រកួតប្រជែងយ៉ាងខ្លាំង ដែលតម្រូវឱ្យម្ចាស់អាជីវកម្មកាហ្វេគ្រប់ប្រភេទត្រូវមានគំនិតច្នៃប្រឌិត និងការរៀបចំយ៉ាងល្អទើបអាចជ្រៀតចូលប្រកួតប្រជែងក្នុងទីផ្សារបាន។

ស្ថិតក្នុងបរិការណ៍នេះ បានធ្វើអោយម្ចាស់អាជីវកម្មហាងកាហ្វេគ្រប់ប្រភេទស្វែងរកនូវការរៀបចំ និងការផលិតកាហ្វេមានលក្ខណៈផ្សេងៗគ្នាដើម្បីយកមកប្រកួតប្រជែងក្នុងទីផ្សារ។ មានម្ចាស់អាជីវកម្មកាហ្វេខ្លះផ្តោតលើតម្លៃ ការផ្តល់សេវាកម្មធ្វើយ៉ាងណាអោយមានសេវាកម្មដែលល្អបំផុត និងអ្នកខ្លះផ្តោតលើការច្នៃរស់ជាតិនៃកាហ្វេជាដើម។ ប៉ុន្តែ ដោយសារតែការគិតគូរទៅលើតែសេវាកម្ម និងរស់ជាតិកាហ្វេ បានធ្វើអោយម្ចាស់អាជីវកម្មកាហ្វេខ្លះមិនបានគិតគូរគ្រប់ជ្រុងជ្រោយដល់ការចូលរួមថែរក្សាបរិស្ថាន (ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក) និងការលើកស្ទួយផលិតផលក្នុងស្រុកនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ថ្វីបើមានហាងកាហ្វេខ្លះមិនទាន់គិតគូរដល់ការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិក និងការប្រើប្រាស់ផលិតផលក្នុងស្រុកពិតមែន តែក៏មានហាងហ្វេខ្លះបានចូលរួមយ៉ាងល្អក្នុងការការពារបរិស្ថាន និងការគិតគូរដល់លើកស្ទួយការប្រើប្រាស់ទំនិញក្នុងស្រុកផងដែរ។

ដូចនេះ ថ្ងៃនេះ កម្មវិធីជជែកអំពីវិស័យទេសចរណ៍ សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញ ជាហាងកាហ្វេដែលបានចូលរួមក្នុងយុទ្ធនាការ ៖ កម្ពុជាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” យ៉ាងសកម្ម និងលើស្ទួយការទិញផលិតផលក្នុងស្រុក គឺហាង Concept cafe & Bar។

ហាង Concept cafe & Bar ត្រូវបានបង្កើតឡើងដោយអ្នកស្រី ឱ ដាវី ជាសហស្ថានិក និងជាអ្នកគ្រប់គ្រងទូទៅនៅទីនោះ ហាងនេះមិនត្រឹមតែតុបតែងហាងមានការប្រើប្រាស់បែបបទខ្មែរឱ្យមានភាពទាក់ទាញភ្ញៀវប៉ុណ្ណោះទេ ថែមទាំងមិនប្រើប្លាស្ទិកទាល់តែសោះ ដើម្បីថែរក្សាបរិស្ថានទៀតផង។

អ្នកស្រី ឱ ដាវី បានប្រាប់ថា “ហាង Concept cafe & Bar គឺមានចក្ខុវិស័យធ្វើយ៉ាងណាផ្តល់នូវសេវាកម្មល្អ អាហារ និងភេស្ចៈមានរស់ជាតិឆ្ងាញ និងអ្វីដែលពិសេសនោះគឺហាងមិនប្រើប្រាស់ប្លាស្ទិកនោះទេ”

អ្នកស្រីបានបន្ថែមថា “ទន្ទឹមនឹងនោះ ហាងក៏ចូលរួមទិញផលិតផលកែដែលផលិតពីក្នុងស្រុកយើង និងគាំទ្រកសិករខ្មែរយើងផងដែរតាមរយៈទិញ បន្លែ និងផ្លែឈើធម្មជាតិពីកសិករខ្មែរមកធ្វើជាម្ហូបអាហារ និងភេស្ចៈបម្រើឱ្យអតិថិជន”។

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner