រដ្ឋបាលខេត្តបាត់ដំបងបានណែនាំ ផ្នែកពាក់ព័ន្ធត្រៀមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខាងមុខ
បាត់ដំបង៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ពិសេសក្រុមមន្ត្រីជំនាញពាក់ព័ន្ធរៀបចំពិធីបុណ្យអុំទូកចំណុះសាលាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានដឹកនាំកិច្ចប្រជុំបានថ្លែងថា នៅថ្ងៃចេញព្រះវស្សាឆ្នាំ២០២២ខាងមុខនេះ រដ្ឋបាលខេត្តនិងចាត់តាំងឲ្យមានការប្រារព្វនូវពិធី “បុណ្យអុំទូកបណ្តែតប្រទីប បាញ់កាំជ្រួច”ដើម្បីអបអរសាទរ ក្នុងថ្ងៃចេញព្រះវស្សាជាថ្មីឡើងវិញ ក្រោយពីការខកខានមិនបានប្រារព្វពិធីនេះអស់រយៈពេល០២ឆ្នាំ ដោយសារតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ-19 ។
ក្នុងកិច្ចដឹកនាំប្រជុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមអភិបាល ខេត្តបានផ្តោតជាសំខាន់ ដើម្បីធ្វើការណែនាំ និងជំរុញដល់គ្រប់អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលកន្លងមក ធ្លាប់បានចូលរួមនៅក្នុងពិធីខាងលើនេះ ធ្វើយ៉ាងណាត្រូវត្រៀមរៀបចំកែលម្អឡើងវិញនូវទូករបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងពិធីបុណ្យថ្ងៃចេញព្រះវស្សា រយៈពេល២ថ្ងៃខាងមុខ និងដើម្បីត្រៀមរៀបចំធ្វើការហ្វឹកហាត់កីឡាករនិងពិនិត្យធ្វើការជួសជុលរចនាទូក របស់ខ្លួនឲ្យបានល្អ ដើម្បីចូលរួមប្រកួតកុំឲ្យមានការខកខាននៅក្នុងពីធីបុណ្យខាងលើនេះ។
តាមការគូសបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យដឹងថាទន្ទឹមនឹងការប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប អុជកាំជ្រួច នេះក៏មានការរៀបចំការដាក់តាំងពិព័រណ៍ផលិតផលនៅក្នុងថ្ងៃចេញព្រះវស្សា ផងដែ។ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីក្រុមកីឡាករអុំទូកមកពីបណ្តាខេត្តនានាជិតខាងជាប់ជាមួយខេត្តបាត់ដំបង។ ហើយក្នុងនោះក៏មានវត្តមានពីក្រុមកីឡាករអុំទូក និងក្រុមម៉ូតូហោះមកពីប្រទេសថៃ ដែលជាខេត្តភូមិផងជាប់ជាមួយនិងខេត្តបាត់ដំបងផងដែរ។
ការរៀបចំពិធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបងឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីអាទិត្យដល់ថ្ងៃចន្ទ ទី១៤-១៥ កើតខែអស្សុជ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៩ និងទី១០ ខែតុលាឆ្នាំ២០២២ ខាងមុខនេះ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន







