រដ្ឋបាលខេត្តស្ទឹងត្រែងសំណូមពរដល់អង្គការភ្លែនឱ្យបន្តសកម្មភាពជួយដល់ខេត្តរបស់ខ្លួន

ស្ទឹងត្រែង៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមណ្ឌលសុខភាពនៅក្នុងស្រុកបុរីអូរស្វាយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានស្នើឲ្យអង្គការភ្លែនបន្តសកម្មភាពរបស់ខ្លួនក្នុងមូលដ្ឋាននានា ក៏ដូចជាក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង លើវិស័យមនុស្សធម៌ ជួយក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍ក្នុងសង្គមជាតិកម្ពុជា ។ ជាពិសេស អង្គការភ្លែនបានជួយលើកស្ទួយផ្នែកសុខាភិបាលយ៉ាងខ្លាំងផងដែរ ។

ឯកឧត្តម ដួង ពៅ បានមានប្រសាសន៍បន្តថា អគារមណ្ឌលសុខភាពអូរស្វាយ ដែលជាជំនួយគាំទ្រពីអង្គការភ្លែននាពេលនេះ បានចូលរួមលើកស្ទួយផ្នែកសុខាភិបាលនៅមូលដ្ឋានក្រោយពីបានមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយៗ ដែលពិបាកទៅមកក្នុងការទទួលសេវាថែទាំសុខភាព ។

ចំណែកលោកស្រី Gwynneth Wong នាយិការអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា អង្គការPlan ទទួលបានការគ្រាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ។អង្គការបានធ្វើសកម្មភាព លើផ្នែសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍន៍ជនបទ វិស័យអប់រំ និងការងារគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងវិស័យពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

លោកស្រីសង្ឃឹមថាមណ្ឌលសុខភាពអូរស្វាយនេះ នឹងដើរតួនាទីដ៏សំខាន់មួយ ក្នុងផ្នែកសុខាភិបាល ក៏ដូចជាការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍន៍ជនបទ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអូរស្វាយទាំងមូល ក៏ដូចជានៅតាមឃុំនានា ដែលនៅជិត មណ្ឌលសុខភាពមួយនេះ ។

គួរបញ្ជាក់ថាអគារមណ្ឌលសុខភាពអូរស្វាយ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ស្រុកបុរីអូរស្វាយសែនជ័យនិងបានធ្វើឲ្យឃុំអូរស្វាយ ក៏ដូចជាស្រុកថ្មីមួយនេះមានការផ្លាស់ប្តូរមុខមាត់ជាថ្មី៕ ដោយ៖ ដេង ម៉ាវិន

ads banner