ប្រមុខ អ.ស.ប អំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់សកម្មភាពយោធានៅរោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ី

យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ហានិភ័យនៃការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ី (Zaporozhye) របស់អ៊ុយក្រែន គឺជារឿង “មិនអាចទទួលយកបាន” ដោយលោកបានសង្កត់ធ្ងន់ថា ទីក្រុងកៀវ និងទីក្រុងម៉ូស្គូ ត្រូវតែចរចាបញ្ឈប់នូវរាល់សកម្មភាពយោធាជាបន្ទាន់។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំជំរុញឱ្យភាគីនានាដកកម្លាំង និងសម្ភារៈបរិក្ខារយោធាចេញពីរោងចក្រ ហើយចៀសវាងការដាក់ពង្រាយកងកម្លាំង ឬឧបករណ៍បន្ថែមទៀតទៅកាន់កន្លែងនោះ។ ជំនួសមកវិញ គឺកិច្ចព្រមព្រៀងជាបន្ទាន់ដែលត្រូវការជាចាំបាច់នៅកម្រិតបច្ចេកទេសមួយ លើបរិមាត្រសុវត្ថិភាពនៃការគ្មានយោធា ដើម្បីធានាសុវត្ថិភាពដល់តំបន់នោះ។

ជាមួយគ្នានេះ អគ្គនាយកទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូសស៊ី ក៏បានព្រមានដែរថា សកម្មភាពយោធា “ដ៏គួរឱ្យព្រួយបារម្ភ” នៅទីនោះ អាចនាំឱ្យមានផលវិបាកដ៏គ្រោះថ្នាក់ក្នុងតំបន់ ហើយអំពាវនាវឱ្យបញ្ចប់ការវាយប្រហារនៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរុស្ស៊ីនេះជាបន្ទាន់។

បន្ថែមលើនេះ លោក ក្រូសស៊ី បានជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែន ដែលស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារនៅរោងចក្រនេះ អនុញ្ញាតភ្លាមៗឱ្យអ្នកជំនាញនុយក្លេអ៊ែរចូលវាយតម្លៃការខូចខាត ប្រព័ន្ធសុវត្ថិភាព និងសន្តិសុខនៅឯបរិវេណនុយក្លេអ៊ែរដ៏ធំនេះ ជាទីដែលស្ថានភាពកំពុងធ្លាក់ចុះយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner