ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំ គណៈប្រតិភូអាយប៉ាជួបពិភាក្សាការងារជាមួយអនុប្រធានសភាឥណ្ឌានិងស្ថាប័នពាក់ព័ន្ធនានានៅប្រទេសឥណ្ឌា

ភ្នំពេញ៖ ក្នុងឱកាសបំពេញបេសកកម្មនៅ សាធារណរដ្ឋ ឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន (AIPA) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាពញាចក្រីប្រធានរដ្ឋសភា កម្ពុជា និងជាប្រធានអាយប៉ាលើកទី៤៣ បានអញ្ជើញ ជួបពិភាក្សាជាមួយអនុប្រធានសភាឥណ្ឌា និងស្ថាប័ន ពាក់ព័ន្ធនានានៃសាធារណរដ្ឋឥណ្ឌានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ប្រភពរដ្ឋសភាបានបញ្ជាក់ថាក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញសារសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឥណ្ឌា-អាស៊ាន ដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃមិត្តភាព អាស៊ាន-ឥណ្ឌា។ គណៈប្រតិភូ បានសម្តែងការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការទាំងឡាយរបស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន និង រដ្ឋាភិបាលឥណ្ឌា ក្នុងការនំាមកនូវ ឧត្តមប្រយោជន៍ដល់ប្រជាជាតិអាស៊ាន និងឥណ្ឌា ។

ក្នុងជំនួបទ្វេភាគីជាមួយអនុប្រធានសភានៃសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអាយប៉ា បានកោតសរសើរចំពោះ ភាព សកម្មរបស់សភាឥណ្ឌា ដែលជាសភា សង្កេត ការណ៍ ដ៏ចំណាស់ របស់អាយប៉ា ក្នុងការរួមចំណែក ធ្វើឱ្យអាយប៉ា ក្លាយជាស្ថាប័នអន្តរសភាតំបន់ប្រកប ដោយសមាហរណកម្មយ៉ាងជិតស្និទ្ធ និងមាន ប្រសិទ្ធភាព។

សមភាគីសភាអាយប៉ា និងឥណ្ឌា បានវាយតម្លៃខ្ពស់ពី សារសំខាន់នៃការងារការទូតសភា ក្នុងការរួមចំណែក យ៉ាងសកម្មដល់ការកសាងសុខដុមនីយកម្ម អាស៊ាន- ឥណ្ឌា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បាន គោរពអញ្ជើញសមភាគីសភាឥណ្ឌា មកចូលរួម មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភានៃ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

បន្តមកគណៈប្រតិភូ បានជួបជាមួយវិទ្យាស្ថាន ប្រជាធិបតេយ្យសភាឥណ្ឌា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់វិទ្យាស្ថាន ក្នុងការ ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សដល់និសិ្សតអាស៊ាន តាមរយៈការផ្តល់អាហារូបកណ៍មកសិក្សា នៅទីនេះ។
គណៈប្រតិភូអាយប៉ា បានថ្លែងអរគុណចំពោះកម្មវិធី ហ្វឹកហ្វឺនដល់មន្រ្តី និងសមាជិកសភា ក្នុងការកសាង សមត្ថភាពខ្ពស់ក្នុងការងារនីតិកម្ម ។

ចំណែកភាគីវិទ្យាស្ថានបានជម្រាបជូនគណៈប្រតិភូអាយប៉ាធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋទូតឥណ្ឌាប្រចាំហ្សាកាតាក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្សតាមរយៈការបង្កើតកម្មវិធីហ្វឹកហ្វឺនធនធានមនុស្ស មន្រ្តី និងសមាជិកសភា ជាពិសេសការកសាង សមត្ថភាពមន្រ្តីសភា ដើម្បីសេវាជូនសមាជិកសមាជិកា សភាកាន់តែមានប្រសិទ្ធភាព ។

សូមជម្រាបថា នៅក្នុងព្រឹកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ គណៈប្រតិភូអាយប៉ា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញ ទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធ លោក មហាត្មៈគន្ធី (Mahatma Gandhi) ដែលជា វីរៈបុរសស និងជាអ្នកនាំមកនូវឯករាជ្យជូនប្រជាជន ឥណ្ឌាដោយអហិង្សាផងដែរ៕
ដោយ៖ ថេត វិចិត្រ , ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner