ប្រធាន CAMSOC សម្រេចផ្ដល់កម្លាំងយោធិនជាង៥ពាន់នាក់ សម្រាប់ពិធីបើក-បិទ SEA Games-ASEAN Para Games 2023
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានសម្រេចអនុញ្ញ្ញាតឲ្យធ្វើការប្រមូលកម្លាំងយោធិនចំនួន ៥,២៧០នាក់ ដើម្បីជួយដល់កម្មវិធីផ្សេងៗ ពិសេស ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(SEA Games-ASEAN Para Games 2023) ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការពិធីបើក-បិទ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងបានធ្វើការពិភាក្សាលើរបៀបវារៈសំខាន់ៗ ៣ ទី១.ពិភាក្សាលម្អិត ស្ដីពីតម្រូវការកម្លាំងហ្វឹកហាត់ និងសម្ដែង ទី២. ការត្រៀមរៀបចំផែនការហ្វឹកហាត់ សម្ដែង និងអ្នកទទួលខុសត្រូវ និងទី៣-ការត្រៀមជ្រើសរើសទីតាំងហ្វឹកហាត់ និងសម្ដែងសាកល្បង ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កម្លាំងទាំង ៥,២៧០នាក់ ត្រូវបែងចែកទៅតាមផែននីមួយៗ ដែលត្រូវការបណ្ដុះបណ្ដាល និងអនុវត្តការហាត់ហ្វឹកហ្វឺនផ្នែកសម្ដែង ផ្នែកទស្សនីយភាព ផ្នែកជួយដល់កម្មវិធីទាំងមូលជាបណ្ដើរៗហើយ នៅឡើយតែធ្វើការបន្ស៊ីគ្នាជាមួយការអនុវត្តផ្ទាល់តែប៉ុណ្ណោះ ។ ឯកឧត្តម បន្ដថា «តាមការគ្រប់គ្រង និងការណែនាំកម្លាំងរបស់ឯកឧត្តម ខៀវ ឆេន នាយកខុទ្ទកាល័យសម្ដេចពិជ័យសេនា គឺបានសម្របសម្រួលកិច្ចការងារនេះបានយ៉ាងរលូន គឺយើងប្រើប្រាស់កម្លាំងយោធា ដែលជាកម្លាំងរៀបរយ កម្លាំងមានវិន័យ កម្លាំងមានសណ្ដាប់ធ្នាប់ កម្លាំងមានបទបញ្ជាច្បាស់លាស់ ។ «ដូចឯកឧត្តម ថោង ខុន ធ្លាប់មានប្រសាសន៍ គ្មានអ្វីក្រៅពីការប្រើប្រាស់កម្លាំងកងទ័ពទេ ដើម្បីជួយឲ្យការងារនេះជោគជ័យ ហើយមានភាពអស្ចារ្យក្នុងពិធីបើក-បិទរបស់យើង ។ ការសម្ដែង ដោយប្រើប្រាស់ធនធានមនុស្ស បូកជាមួយបច្ចេកវិទ្យាទំនើប និងទាន់សម័យបញ្ចូលគ្នា យើងនឹងទទួលបាននូវភាពអស្ចារ្យមួយ ដើម្បីកសាងកិត្តិយសកម្ពុជា អំឡុងពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រោះពិធីបើក គឺជាពិធីដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងចូលរួម ហើយគាំទ្រ និងមើលឃើញពីសក្ដានុពលជាតិរបស់យើង ដែលនឹងបង្ហាញនូវក្នុងពិធីបើក-បិទនេះ» ។
គួរបញ្ជាក់ថា ក្រៅពីកម្លាំងយោធិន CAMSOC ក៏ត្រូវការកម្លាំងជំនាញ និងស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីផ្គុំជាកម្លាំងពិសេសមួយ ដូចជាកម្លាំងជំនាញសិល្បៈករ-សិល្បៈការិនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្លាំងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកម្លាំងផ្សេងៗទៀត ដើម្បីធានាបាននូវការសម្ដែងមួយដ៏អស្ចារ្យ និងទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ៕ ចាន់ វិចិត្រ









