ទំនប់ទប់ទឹកដ៏ធំមួយកន្លែងនៅលើខ្នងភ្នំដងរែក បានបាក់ និងផ្លូវច្រោះដាច់ដោយសារទឹកភ្លៀង!

ព្រះវិហារ៖ ទឹកភ្លៀងបានបន្តធ្លាក់ចុះខ្លាំង ជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យទំនប់ទប់ទឹកដ៏ធំមួយកន្លែង នៅលើខ្នងភ្នំដងរែកបានច្រោះបាក់ទាំងស្រុង និងខ្សែផ្លូវមួយចំនួន ក៏បានច្រោះបាក់ជាច្រើនកន្លែងផងដែរ ។

លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ថាទំនប់ទប់ទឹក អន្លង់ក្រពើ បានច្រោះបាក់ទាំងស្រុង ដោយសារភ្លៀងបានបន្តធ្លាក់ចុះខ្លាំង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោកថាបច្ចុប្បន្ន កម្លាំងបាននិងកំពុងខិតខំ ធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ទំនប់ទប់ទឹកមួយចំនួនទៀត នៅលើខ្នងភ្នំដងរែក ដែលទឹកភ្លៀង កំពុងហូរកាត់ពីលើខ្នងទំនប់ បណ្តាលឲ្យច្រោះ និងខ្សែផ្លូវបេតុងឡើងភ្នំតាងោល ក៏បានរងការច្រោះបាច់ អស់ជាច្រើនកន្លែង ដោយកន្លែងខ្លះបាក់ កន្លែងខ្លះ ច្រោះ និងកន្លែងខ្លះទៀត បាក់ដី ជ្រុះដុំថ្ម ធ្លាក់សង្កត់លើផ្លូវ មិនអាចធ្វើដំណើរឡើងបានទេ។

ការបញ្ជាក់របស់លោកនាយសេនាធិការ ក្នុងឱកាសលោកដឹកនាំកម្លាំង អមដំណើរឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ចុះពិនិត្យស្ថានភាព ផ្លូវ និងទំនប់ទឹក ដែលបានរងការខូចខាត ដោយសារភ្លៀងធ្លាក់ខ្លាំង ។

ជាមួយគ្នានេះ លោកនាយសេនាធិការ ក៏បានអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងអូរគ្រោង និងតំបន់ដែលងាយរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕ ដោយ៖ សួន លីណា

ads banner