កូនស្រីរបស់មនុស្សជំនិតលោក ពូទីន ស្លាប់ក្នុងហេតុការណ៍ផ្ទុះរថយន្ត
ម៉ូស្គូ៖ អ្នកបើកបរឈ្មោះ Darya Dugina ដែលគេស្គាល់ថា ជាកូនស្រីរបស់អ្នកវិភាគនយោបាយរុស្ស៊ីលោក Alexander Dugin ជាមនុស្សជំនិត និងជាទីប្រឹក្សាជើងចាស់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះរថយន្តនៅជិតទីក្រុងម៉ូស្គូ កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ឧបទ្ទវហេតុខាងលេីនេះ បានកើតឡើងនៅលើផ្លូវហាយវេមួយកន្លែងចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងម៉ូស្គូនៅម៉ោង ២១ : ៣៥ យប់ ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា គ្រឿងផ្ទុះកែច្នៃដោយខ្លួនឯងអាចជាប់ពាក់ព័ន្ធនឹងករណីនេះ ។ប៉ុន្តែអ្នកស៊ើបអង្កេតមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការផ្ទុះ ឬមូលហេតុណាមួយចំពោះគ្រោះថ្នាក់នេះនៅឡើយទេ។
គួរបញ្ជាក់ថា នាង Darya Dugina ដែលជាអ្នកអត្ថាធិប្បាយនយោបាយរបស់ប្រទេសរុស្ស៊ីក៏ត្រូវបានបញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់ចក្រភពអង់គ្លេសក្នុងខែកក្កដា ពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈលោក Alexander Dugin ក៏ជាប់ទណ្ឌកម្មពីសំណាក់ EU, សហរដ្ឋអាមេរិក និងកាណាដាក្នុងឆ្នាំ ២០១៤ និង ២០១៥ ផងដែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា





