ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ត្រូវសមត្ថកិច្ចប្រដេញតាមចាប់បានម្នាក់នៅស្រុកកណ្តាលស្ទឹង
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នីគ្នាច្រើននាក់ ជិះម៉ូតូបីគ្រឿង ជាមុខសញ្ញាឆក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ រាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដេញតាមស្ទាក់រហូតចាប់ខ្លួនបាន បន្ទាប់ពីក្រុមជនសង្ស័យធ្វើ សកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រី អ្នកដំណើរ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។ក្រោយធ្វ់សកម្មភាពជនសង្ស័យព្យាយាមរត់គេចតែ ត្រូវបានកម្លាំងប្រដេញតាមស្ទាក់ ចាប់ខ្លួនបានម្នាក់ នៅចំណុចភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបាន ឈ្មោះ សេង សុវណ្ណឌី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ សេង សុខឡៃ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យមានគ្នាបីនាក់ ជាមុខសញ្ញាឆក់ក្នុងរាជធានីភ្នំពេញ។ក្នុងរយៈពេលបីថ្ងៃជាប់គ្នានេះ ក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ បានសម្រេច ជាបន្តបន្ទាប់។ លុះនៅព្រឹកថ្ងៃកើតហេតុនេះជនសង្ស័យគ្នាបីនាក់ ជិះម៉ូតូបីគ្រឿង បានធ្វើសកម្មភាពឆក់ តាមផ្លូវ ៦០ម៉ែត្រ បានសម្រេចហើយ រត់គេចខ្លួន តែត្រូវបានកម្លាំងប្រដេញតាមចាប់ខ្លួន ដល់ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ជនសង្ស័យម្នាក់ ផ្តួលម៉ូតូរត់ចូលត្រពាំងទឹក ទើបចាប់ខ្លួនបានម្នាក់ ដកហូតម៉ូតូ ប៊ីត ពណ៌ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 1JP- 6254។
សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីនិងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕ ដោយ៖ ឆៃហួត



