លោក សុខ ជ្រ បុរសដែលធ្លាប់តែបរបាញ់សត្វព្រៃបានងាកមកបម្រើលើវិស័យទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ជីផាត
ខេត្តកោះកុង ៖ ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ស្ទើរសឹងទាំងអស់បានបញ្ចប់ការចូលព្រៃកាប់ឈើខុសច្បាប់ បរបាញ់សត្វព្រៃ ហើយពួកគាត់បានងាកមកបម្រើសេវាកម្មទេសចរណ៍ដែលពួកគាត់ចាត់ទុកថាជារបរមាននិរន្តភាព និងអាចផ្លាស់ប្តូរជីវភាពពីមួយថ្ងៃទៅមួយថ្ងៃ ។
ចាប់តាំងតែពីមានការផ្លាស់ប្តូរផ្នត់គំនិត និងពិសេសការចាប់ផ្តើមនៃការបម្រើលើសេវាទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ជីផាតមក បានជួយលុបបំបាត់ការចូលព្រៃកាប់ព្រៃឈើ ដាក់អន្ទាក់សត្វព្រៃ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាដើម។ ក្រៅពីនេះប្រជាសហគមន៍ដែលធ្លាប់មានរបរពឹងផ្អែកលើធនធានធម្មជាតិទាំងនេះ អ្នកខ្លះបែរជាមកចូលរួមអភិរក្ស និងការពារសត្វព្រៃយ៉ាងយកចិត្តទុកដាក់ទៀតផង។
ម្នាក់ក្នុងចំណោមប្រជាសហគមន៍ដែលធ្លាប់តែបរបាញ់ និងកាប់ព្រៃឈើនោះគឺ លោក សុខ ជ្រ ពេលនេះលោកបានផ្លាស់ប្តូរមកធ្វើជាចុងភៅព្រៃ ដែលជាសេវាទេសចរណ៍ធម្មជាតិជូនដល់ភ្ញៀវទេសចរវិញ។មុខរបរថ្មីនេះត្រូវបានលោកឱ្យដឹងថាមានភាពជាក់លាក់ និងអាចរកចំណូលបានលំនឹងជាងការចូលព្រៃដែលប្រឈមនឹងផ្លូវច្បាប់។
លោក សុខ ជ្រ ជាប្រជាពលរដ្ឋម្នាក់នៅ ភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ក្នុងវ័យ៥៣ឆ្នាំ អតីតអ្នកប្រព្រឹត្តល្មើសព្រៃឈើកាលពីជិត១០ឆ្នាំមុន បានសម្រេចចិត្តឈប់ចូលព្រៃកាប់ឈើ និងចាប់សត្វ ងាកមកធ្វើជាចុងភៅឲ្យភ្ញៀវទេសចរ មកទស្សនាសក្តានុពលវប្បធម៌ ធម្មជាតិ ក្នុងតំបន់ជីផាតវិញ។
ក្នុងវ័យ៥៣ឆ្នាំ ដែលធ្លាប់ត្រូវបានចាប់ខ្លួនអប់រំ ដោយអាជ្ញាធរ មូលដ្ឋាន ពីបទចាប់សត្វព្រៃ នោះលោក សុខជ្រ បានឱ្យដឹងថា៖ លោកបានមកចូលរស់នៅសហគមន៍ជីផាតតាំងតែពីឆ្នាំ១៩៩៨ ហើយបានប្រកាន់មុខរបរចូលព្រៃចាប់សត្វនិងកាប់ព្រៃឈើដូចប្រជាពលរដ្ឋមួយចំនួនទៀត។
បុរសរូបនេះបានឱ្យដឹងបន្ថែមថា”កាលពីមុននេះខ្ញុំជាអ្នកកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃនៅតំបន់នេះដើម្បីចិញ្ចឹមជីវភាពគ្រួសា ហើយពេលដែលនឹកឃើញកាលនោះខ្ញុំសោកស្តាយព្រៃឈើ និងសត្វព្រៃណាស់។ពេលនេះខ្ញុំទើបដឹងថាព្រៃឈើនិងសត្វព្រៃពិតជាមានសារៈសំខាន់ ហើយធនធានធម្មជាតិទាំងនេះមានតម្លៃលើសលប់មិនអាចកាត់ថ្លៃបានសោះឡើយ”។
ទាក់ទិនក្នុងរឿងនេះ លោក អន ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងថាប្រជាសហគមន៍ជាច្រើនពោលគឺស្ទើរទាំងអស់នាពេលបច្ចុប្បន្នបានយល់ដឹងពីតម្លៃធនធានធម្មជាតិ។ពួកគាត់ច្រើនណាស់បានងាកមកប្រើលើវិស័យទេសចរ៍ហើយបានស្ទើរបញ្ចប់ទាំងស្រុងដែលពឹងអាស្រ័យលើធនធានធម្មជាតិដូចមុនទៀត។ដូចជាករណីលោក សុខ ជ្រ គឺជាប្រជាពលរដ្ឋមួយរូបបានផ្លាស់ប្តូរមុខរបរថ្មីវិញ។
លោកថាបន្ទាប់ពីបង្កើតសហគមន៍ ពលរដ្ឋដែលធ្លាប់តែចូលព្រៃ កាប់ឈើ បរបាញ់សត្វ និងនេសាទ ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នោះ ងាកមកធ្វើជាប្រតិបត្តិករទេសចរវិញ។ អ្នកខ្លះធ្វើជាអ្នកនាំភ្ញៀវទេសចរ ដឹកភ្ញៀវដោយទូក រៀបចំផ្ទះស្នាក់ និងអ្នកចម្អិនម្ហូបអាហារជាដើម។ លើសពីនេះ ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាននេះ មានមុខរបរចិញ្ចឹមជីវិតផ្សេងៗទៀត ដូចជា ដំាំដំណាំចិញ្ចឹមសត្វ ជាដើម។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយដៃគូពាក់ព័ន្ធ ក្នុងនោះមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាដើម បានជំរុញឲ្យប្រជាពលរដ្ឋមានជម្រើស ថ្មីក្រៅពីការប្រព្រឹត្តបទល្មើសដូចជាកាប់ឈើ រុករានដីព្រៃ សម្លាប់និងជួញដូរសត្វព្រៃជាដើម ដើម្បីពង្រឹងប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀតបន្ថែមលើការអនុវត្តច្បាប់ ហើយបានផ្តល់នូវមុខរបរដូចជាការចិញ្ចឹមសត្វ ការដាំបន្លែ ឈើហូបផ្លែ ដើម្បីធានានិរន្តរភាពស្បៀងនៅតាមមូលដ្ឋាន និងធ្វើសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋមានការរីកចម្រើន នៅពេលផលិតផលរបស់សហគមន៍បានទៅដល់ទីផ្សារថែមទៀត ៕ ដោយ៖ម៉ាដេប៉ូ




