ស្ទឹងពពកគឺជាតំបន់ទេសចរណ៍បែបធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បន្ទាប់ពីកូវីដ១៩ស្ងាប់ស្ងាត់
កោះកុង៖ «ស្ទឹងពពក» ជាតំបន់ទេសចរណ៍ និងទីកម្សាន្តស្អាតអស្ចារ្យ មួយកន្លែងទៀត ដែលមានទីតាំងនៅ ភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ទីកន្លែងនេះអ្វីដែលជាទីចាប់អារម្មណ៍ និងមានភាពល្បីល្បាញផងនោះ គឺផ្ទាំងពពករសាត់ដេរដាស បានបង្កើតជាផ្ទាំងទស្សនីយប្លែក ភ្នែកសម្រាប់អ្នកទេសចរដែលបានទៅដល់តំបន់«ស្ទឹងពពក»។ ក្រៅពីនេះ គេអាច គយគន់ ទេសភាព ទឹកធ្លាក់ និងដងព្រែក អម ដោយព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃដែលចោលម្លប់ត្រជាក់គួរជាទីសម្រាកលំហែកាយ។

ស្ទឹងពពកបើអ្នកទេសចរចង់ទៅកម្សាន្តចាំបាច់ត្រូវធ្វើដំណើរឡើងលើកំពូលភ្នំដោយមធ្យោបាយម៉ូតូ ឬរថយន្ត ដោយឆ្លងកាត់ផ្លូវចោតខ្ពស់ៗ ប៉ុន្តែគេនៅតែអាចធ្វើដំណើរទៅកាន់ទីកន្លែងនេះយ៉ាងងាយស្រួលផងដែរ។

កាលបើគេចង់មើលស្ទឹងពពកដែលមានពពកមីដេរដាសនេះគេច្រើនទៅកម្សាន្តពេលព្រឹកព្រលឹម ឬពេលមេឃរកភ្លៀង ឬពេលយប់ ជាដើម។ ក្រៅពីនេះ អ្នកទេសចរអាចទស្សនា ទឹកធ្លាក់ពីភ្នំ បោះតង់ ឬចងអង្រឹងស្នាក់នៅក្នុងតំបន់ទេសចរធម្មជាតិ ស្តាប់សត្វបក្សាបក្ សីឆ្លើយឆ្លង និងគយគន់ទេសភាពព្រៃភ្នំជាដើម។

អ្នកស្រី ឃុត ឃៀង ជាប្រធានសហគមន៍ អេកូទេសចរណ៍ ភ្នំទ័ពជាង បានឱ្យដឹងថាបច្ចុប្បន្នវិស័យទេសចរណ៍នៅសហគមន៍មួយកន្លែងនេះបានងើបល្អប្រសើរឡើងវិញបន្ទាប់ពីការវាយលុកដោយជំងឺកូវីដ១៩រួចមកការងើបឡើងវិញនេះធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលពីវិស័យទេសចរណ៍គ្រាន់ ដោះស្រាយជីវភាពផងដែរ។ពិសេសចំថ្ងៃសៅរ៍ អាទិត្យគឺភ្ញៀវចូលកម្សាន្តច្រើនជាងថ្ងៃដទៃទៀតដែលធ្វើឱ្យពលរដ្ឋអាចរកចំណូលតាមរយៈការលក់ដំណាំកសិកម្មការបម្រើសេវាកម្មលើវិស័យ ទេសចរណ៍ ការធ្វើម្ហូបអាហារជូនភ្ញៀវជាដើម។

ប្រធានសហគមន៍រូបនេះបានឱ្យដឹងបន្ថែមថា “ស្ទឹងពពកនេះអ្នក ទេសចរអាចមកកម្សាន្តបែបសម្រាក បោះតង់ សម្រាកពេលយប់ ពីព្រោះថាសហគមន៍មានបម្រើភ្ញៀវទេសចរដោយក្នុងនេះមានការពារសន្តិសុខ បម្រើម្ហូបអាហារ និងរួមទាំងសេវាដឹកជញ្ជូនឡើង ចុះថែម ទៀត”។

ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់ថា តាមរយៈអេកូទេសចរណ៍ នេះដែរបានធ្វើឱ្យប្រជាសហគមន៍ធ្លាប់តែពឹងអាស្រ័យលើធនធានធម្មជាតិបានផ្លាស់ប្តូរមកពឹងពាក់លើវិស័យទេសចរណ៍ដូចជាការលក់ផលិតផលសិកម្ម សេវាដឹកជញ្ជូន ការនាំភ្ញៀវទេសចរណ៍។ល។បានធ្វើឱ្យ ពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារកាន់តែរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ។

ស្រ្តីរូបនេះបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺប្រជា សហគមន៍ក្រៅពីការដាំដំណាំកសិកម្មដើម្បីរកប្រាក់ចំណូលជួយទ្រទ្រង់ជីវភាពហើយ ពួកគាត់បាននាំគ្នាចិញ្ចឹមសត្វ មាន់ ជ្រូក គោ ក្របីដែល ជាចំណូលមួយផ្នែកទៀតសំខាន់របស់ពួកគាត់ទៀងតផង។

គួរបញ្ជាក់ថាស្ទឹងពពក មានលំហូរអ័ព្ទ និងពពក តាមជ្រលងជួរ ភ្នំក្រវាញ ខាងត្បូង។នៅពេលមើលខាងលើ ហើយមានពពកមី ដេរដាសប្រៀបដូចស្ទឹងដ៏ធំល្វឹងល្វើយដែលគយគន់មិនចេះនឿយណាយ ។ ជាងនេះទៅទៀត អ្នកទេសចរអាចទស្សនានូវទេសភាព លំនៅដ្ឋានអ្នកស្រុក ទេសភាពព្រៃភ្នំ ដំណាំកសិកម្មអ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅតំនប់នោះជាដើម៕ ដោយ៖ ម៉ាដេប៉ូ
