អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន ខាន់ រងការចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្ម
អាជ្ញាធរប៉ាគីស្ថាននិយាយកាលពីថ្ងៃចន្ទថា ប៉ូលីសប៉ាគីស្ថានបានចោទប្រកាន់លោក អ៊ីមរ៉ាន ខាន់ ក្រោមច្បាប់ប្រឆាំងភេរវកម្ម ប៉ុន្មានថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្វើការវាយប្រហារដោយពាក្យសម្ដីលើប៉ូលីស និងមន្ត្រីតុលាការ ក្នុងប្រមូលផ្ដុំជាមួយអ្នកគាំទ្រដ៏ធំមួយនៅរដ្ឋធានីអ៊ិស្លាមម៉ាបាដ។
ការចោទប្រកាន់ផ្នែកច្បាប់នេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយកំពូលរបស់ប្រទេស ដាក់បម្រាមលើសុន្ទរកថារបស់លោក ចំពោះ «ការផ្សព្វផ្សាយពាក្យសម្ដីស្អប់ខ្ពើម» ប្រឆាំងនឹងស្ថាប័នរដ្ឋ និងមន្រ្តី ដែលបង្កើនភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេស។
លោក ខាន់ បានធ្វើការប្រមូលផ្ដុំទ្រង់ទ្រាយធំទូទាំងប្រទេស ដើម្បីស្វែងរកការចូលកាន់តំណែងឡើងវិញ បន្ទាប់ពីលោកត្រូវបានគេទម្លាក់ឱ្យចុះពីដំណែងក្រោយការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីខែមេសា។ លោកតែងបន្ទរការឃោសនារបស់លោកថា ការដកនេះគឺជាលទ្ធផលនៃ «ការឃុតឃិតជាមួយបរទេស»។
ក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក ខាន់ សន្យាថានឹងប្តឹងមន្ត្រីប៉ូលីស និងចៅក្រមជាស្ត្រី ខណៈចោទប្រកាន់ថា ជំនួយការជិតស្និទ្ធរបស់លោកម្នាក់ ត្រូវបានគេធ្វើទារុណកម្ម បន្ទាប់ពីការចាប់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
ប្រធានគណបក្ស Pakistan Tehreek-i-Insaf (PTI) រូបនេះបានបន្ថែមការរិះគន់លើស្ថាប័នរដ្ឋ ក្នុងការជួបជុំមួយទៀតនៅថ្ងៃអាទិត្យ ដោយនិយាយថា ប៉ូលិសធ្វើសកម្មភាពក្រោមសម្ពាធពីពួកយោធា ដែលអះអាងថាខ្លួនប្រកាន់ខ្ជាប់«អព្យាក្រឹត» ហើយលោកនឹងបន្តប្រមូលផ្ដុំដើម្បីសម្រេចបាន «សេរីភាពពិតប្រាកដ» ដោយមិនឈប់រហូតដល់គោលបំណងនេះសម្រេចឡើង។
លោក ខាន់ អាចប្រឈមនឹងការជាប់ពន្ធនាគារច្រើនឆ្នាំសម្រាប់បទចោទប្រកាន់គំរាមកំហែងមន្ត្រីប៉ូលិស និងចៅក្រម។យ៉ាងណាមិញ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ដោយត្រូវបានធានាឱ្យនៅក្រៅឃុំរហូតដល់ថ្ងៃព្រហស្បតិ៍ នៅពេលដែលលោកទំនងជាបង្ហាញខ្លួន នៅចំពោះមុខតុលាការប្រឆាំងភេរវកម្មនៅក្នុងរដ្ឋធានីអ៊ិស្លាមម៉ាបាដ។
ទន្ទឹមនឹងការចោទប្រកាន់នេះ សមាជិកនៃគណបក្សPTI រាប់រយនាក់ បានឈរនៅខាងក្រៅផ្ទះរបស់លោក ខាន់កាលពីថ្ងៃចន្ទ ដើម្បីបង្ហាញការគាំទ្រ ខណៈដែលអតីតនាយករដ្ឋមន្ត្រីរូបនេះ បានបើកកិច្ចប្រជុំនៅខាងក្នុង។ គណបក្សPTIបានព្រមានថា ខ្លួននឹងធ្វើបាតុកម្មទូទាំងប្រទេស ប្រសិនបើលោក ខាន់ត្រូវបានចាប់ខ្លួន។
លោកAli Amin Khan Gandapurអតីតរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោក ខាន់បានព្រមានថា៖ «យើងនឹងកាន់កាប់ទីក្រុងអ៊ិស្លាមម៉ាបាដហើយសាររបស់ខ្ញុំទៅកាន់ប៉ូលីសគឺកុំធ្វើឱ្យខ្លួនក្លាយជាផ្នែកមួយនៃសង្គ្រាមនយោបាយនេះតទៅទៀត»។
នៅក្រោមប្រព័ន្ធច្បាប់របស់ប៉ាគីស្ថាន ប៉ូលីសអាចដាក់របាយការណ៍ព័ត៌មានដំបូង (FIR) អំពីការចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទទៅកាន់ចៅក្រម ដើម្បីអនុញ្ញាតឱ្យការស៊ើបអង្កេតដំណើរការទៅមុខ។ ជាធម្មតា ប៉ូលិសតាមចាប់ខ្លួននិងសាកសួរជនជាប់ចោទ។
របាយការណ៍ប្រឆាំងនឹងលោក ខាន់ រួមមានការផ្តល់សក្ខីកម្មពីចៅក្រមលោកAli Javedដែលមានវត្តមាននៅក្នុងការប្រមូលផ្តុំគ្នារបស់លោក ខាន់ នាទីក្រុងអ៊ិស្លាមម៉ាបាដ ហើយស្ដាប់ការរិះគន់របស់អតីតនាយករដ្ឋមន្រ្តីរូបនេះ លើប៉ូលីស និងចៅក្រមម្នាក់ទៀត។ លោក ខាន់ និយាយថា៖ «អ្នកត្រៀមខ្លួនឱ្យហើយទៅ យើងក៏នឹងចាត់វិធានការប្រឆាំងនឹងអ្នកដែរ។ អ្នកទាំងអស់គ្នាត្រូវតែខ្មាស»។
តាមធម្មតា តុលាការប៉ាគីស្ថានលើកលែងទោសជនណា ប្រសិនបើគេសុំទោស ទោះបីជាធ្លាប់មានអ្នកនយោបាយខ្លះ ធ្លាប់ត្រូវបានកាត់ទោសពីបទប្រមាថចៅក្រមក្ដី។ យ៉ាងណាមិញ តុលាការប៉ាគីស្ថានមានប្រវត្តិនៃការធ្វើនយោបាយកម្ម និងចូលភាគី ក្នុងការតស៊ូអំណាចរវាងយោធា រដ្ឋាភិបាលស៊ីវិល និងអ្នកនយោបាយប្រឆាំង។ នេះបើតាមការចុះផ្សាយរបស់ AP ដែលស្រង់សម្ដីអង្គការ Freedom House ដែលជាក្រុមតស៊ូមតិមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។
លោក ខាន់បានឡើងកាន់អំណាចនៅឆ្នាំ២០១៨ដោយសន្យាថា លោកនឹងបំបែកគំរូនៃការគ្រប់គ្រងបែបបក្សពួកផ្ដាច់មុន នៅក្នុងប្រទេសប៉ាគីស្ថាន។ប៉ុន្តែគូប្រជែងរបស់លោកអះអាងថាលោកត្រូវបានជ្រើសរើសដោយជំនួយពីយោធាដ៏មានអំណាច។
ទាក់ទងនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត លោក ខាន់ រងការចោទប្រកាន់ពីគណបក្សប្រឆាំងថា លោកគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ ខណៈដែលអតិផរណាកើនឡើង ហើយតម្លៃប្រាក់រូពីប៉ាគីស្ថានធ្លាក់ចុះ។
លោក ខាន់ ចោទប្រកាន់ដោយមិនផ្តល់ភស្តុតាងថា យោធាប៉ាគីស្ថានបានចូលរួមក្នុងផែនការរបស់សហរដ្ឋអាមេរិក ដើម្បីបណ្តេញលោកចេញពីដំណែង។ ទីក្រុងវ៉ាស៊ីនតោន យោធាប៉ាគីស្ថាន និងរដ្ឋាភិបាលរបស់លោក Shahbaz Sharif ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នបានបដិសេធការចោទប្រកាន់នេះ ខណៈលោក ខាន់ បន្តការប្រមូលផ្ដុំដាក់សម្ពាធលើរដ្ឋាភិបាល។
លោក Kamal Hyderរបស់បណ្ដាញព័ត៌មានAl Jazeera រាយការណ៍ពីរដ្ឋធានីអ៊ិស្លាមម៉ាបាដ ថា ការវិលត្រឡប់នៃអំពើហិង្សាតាមដងផ្លូវ គឺជាលទ្ធភាពដ៏ធំមួយ។ លោកនិយាយថា ស្ថានភាពបច្ចុប្បន្នអាចនាំឱ្យមានការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់ ដែលអាចធ្វើឱ្យស្មុគស្មាញដល់វិបត្តិសេដ្ឋកិច្ច និងភាពជាប់គាំងផ្នែកនយោបាយ។

ប្រភព៖ AP News