ប្រជាជន​ហៃទី​រាប់​ពាន់​នាក់​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ ជុំ​វិញ​​អសន្តិសុខ​​ និង​អតិផរណា​

ប្រជាជន​ហៃទី​រាប់​ពាន់​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្មទូទាំង​ប្រទេស​ ​តវ៉ា​ប្រឆាំង​នឹង​​កំណើន​អសន្តិសុខ​ និង​តម្លៃ​ទំនិញ​ប្រើ​ប្រាស់ដោយ​ទាម​ទារ​ឱ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ Ariel Henry ចុះ​ចេញ​ពីដំណែង​​ ខណៈ​ធនាគារ​កណ្ដាល​របស់​ប្រទេសស​និយាយ​ថា​ អតិផរណា​​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ។ ​

​​​បាតុករ​​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​មួយ​ចំនួន​រួម​ទាំង​​រដ្ឋធានី​ព័រអូប្រាំង​​ដោយ​​ខ្លះ​និយាយ​ថា​ ​​ពួក​គេ​មាន​ការ​ខឹង​សម្បារ​ចំពោះ​ការ​កើន​ឡើង​នៃ​កង្វះ​ប្រេងសាំង និង​ប្រេង​ម៉ាស៊ូត​​ខណៈ​លោក​ Henry បរាជ័យ​ក្នុង​ការ​បង្រ្កាប​ក្រុមអ្នក​លេង​​ដែល​បង្កើន​ឧក្រិដ្ឋកម្ម​ តាម​ការ​សន្យា​របស់​លោក​។

​លោក​Jean Baden Dubois ​ទេសាភិបាល​ធនាគារ​កណ្តាល​របស់​ហៃទី​​និយាយ​ថា​ សេដ្ឋកិច្ច​​ប្រទេស​ ទំនង​​​ជា​នឹង​ធ្លាក់​ចុះ​ដល់​ ០,៤ ភាគរយ​​​នៅ​ឆ្នាំ​នេះ ខណៈ​អតិផរណា​នៅ​ខែ​មិថុនា​ឡើង​ដល់​ ២៩ ភាគ​រយ​ ដែល​​​ជា​អត្រា​ខ្ពស់​បំផុត​​​ក្នុង​រយៈ​ពេល​​១០​ ឆ្នាំ​។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​ ប្រជាជន​ហៃទី ​​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ប្រេង​ឥន្ធនៈ​​ ដែល​ធ្វើ​ឱ្យ​អ្នក​ខ្លះ​មិន​អាច​ធ្វើ​ការ​បាន​។​ ស្តុក​ឥន្ធនៈ​របស់​ប្រទេស​មាន​កម្រិត​ទាប​ ខណៈ​ដែល​អ្នក​នាំ​ចូល​ប្រេង​ឥន្ធនៈហៃទី​​ ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដែល​រក្សា​តម្លៃ​ប្រេង​ឥន្ធនៈ​ឱ្យ​នៅ​ទាប​។

ទន្ទឹម​នឹង​នោះ​ អំពើ​ហិង្សា​ និង​ការ​ចាប់​ជំរិក​នៅ​ក្នុង​ប្រទស​ រួម​ទាំង​ក្នុង​រដ្ឋធានី​ព័រ​អូប្រាំង​ ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​បាន​កើន​ឡើង​ ដោយ​ក្រុមអ្នក​លេង​ផ្សេង​ៗ​ ​​​​បាន​សម្លាប់​ជន​ស៊ីវិល​រាប់​រយ​នាក់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​​។ ក្រុម​ទាំង​នេះ​​​មាន​អំណាច​កាន់​តែ​ខ្លាំង​ ចាប់​តាំង​ពី​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី​ លោក​JovenelMoïse​កាល​ពីខែ​កក្កដា​ ​ឆ្នាំ​មុន​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner