កម្ពុជាប្រាប់មន្ត្រីអង្គការសហប្រជាជាតិថា ៧ខែសមត្ថកិច្ចជួយសង្គ្រោះមនុស្សពីការជួញដូរ បានជាង៦០០នាក់ (Video Inside)
កម្ពុជាបានប្រាប់មន្ត្រីអង្គការសហប្រជាជាតិនូវកិច្ចប្រឹងប្រែងបង្ក្រាបអំពើជួញដូរមនុស្សក្នុងរយៈពេលច្រើនខែមកនេះ ក្រោយការខកចិត្តនឹងការវាយតម្លៃបន្ទាបចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិក។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន ថាក្នុងរយៈពេល៧ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនអ្នករកស៊ីជួញដូរមនុស្សប្រមាណ ៦០នាក់ និងបានជួយសង្គ្រោះ មនុស្សជាង៦០០នាក់។
លោកស្រី ជូ ប៊ុនអេង ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន បញ្ជាក់ថាការបង្ក្រាបទាំងនេះបានធ្វើនៅខេត្តព្រះសីហនុ កណ្តាល កោះកុង បន្ទាយមានជ័យ ស្វាយរៀង និងនៅរាជធានីភ្នំពេញ។ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ជនសង្ស័យជួញដូរ មនុស្សទាំងនោះ បានបោកបញ្ឆោតជនរងគ្រោះមកពីប្រទេសផ្សេងៗ ចូលមកក្នុងប្រទេសកម្ពុជា ដោយសន្យាឲ្យធ្វើការទទួលបានប្រាក់កម្រៃច្រើនជាដើម ប៉ុន្តែជនរងគ្រោះទាំងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជាបានជួយសង្គ្រោះ។
កម្ពុជាថ្មីៗនេះបានសម្តែងក្តីខកចិត្តជុំវិញការវាយតម្លៃរបស់ក្រសួងការបរទេសអាមេរិកដែល ផ្តល់ចំណាត់ថ្នាក់ទី៣ Tier3 ក្នុងការបង្ក្រាបការជួញដូរមនុស្ស។