សម្តេចតេជោបញ្ជាក់មូលហេតុអ្វីដែលសិស្សខ្មែររៀនភាសាវៀតណាម (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានបកស្រាយបញ្ជាក់ប្រាប់សាជាថ្មីពន្យល់ប្រាប់អ្នកដែលមានទស្សនៈ ចង្អៀតចង្អល់នឹងការបង្រៀនឯកទេសភាសាវៀតណាម។
កម្ពុជាដែលកំពុងធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងពិភពលោក បានបង្កើតដេប៉ាកតឺម៉ង់ Department ភាសាបរទេសនៅកម្ពុជា ដែលមិនមែនជារឿងថ្មី និងមិនធ្លាប់មានតាមបណ្តាប្រទេសលើសកលលោកឡើយ ប៉ុន្តែការឃោសនាប្រឆាំងនឹងយួន ដោយក្រុមធ្វើនយោបាយប្រឆាំង បាននាំឱ្យមនុស្សដែលមាន ទស្សនៈនយោបាយ លំអៀងមិនចូលចិត្តវៀតណាម ហើយតែងលើកនូវអ្វីដែលមិនល្អចោទ ទម្លាក់ដាក់លើប្រទេស វៀតណាម។
ភាពមិនល្អនេះហើយ បាននាំឱ្យការបង្រៀនភាសា ឯកទេសវៀតណាម ត្រូវបាន មនុស្សមួយចំនួនគិតថាជារឿងមិនល្អ ហើយព្យាយាមរារាំងកម្ពុជា មិនឱ្យរៀនភាសាវៀតណាម ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមទៀតហេតុអ្វីដែល សិស្សខ្មែរខ្លះត្រូវរៀនភាសាវៀតណាម។
ក្រោមកិច្ចសហការរវាងវិស័យអប់រំរវាងកម្ពុជា និងប្រទេសជាមិត្ត មានប្រទេសជាច្រើនបាន បញ្ជូននិស្សិតរបស់ពួកគេមករៀនភាសាខ្មែរ និងក៏មាននិស្សិតខ្មែរបានចេញទៅរៀនភាសាបរទេសរបស់គេវិញ ដើម្បីយកទៅប្រើប្រាស់ក្នុងតម្រូវការផ្សេងៗទាំងស្ថាប័នរដ្ឋ និងឯកជន រួមមានទាំងការងារបកប្រែផងដែរ។
ការបង្កើតដេប៉ាកតឺម៉ង់ ភាសាវៀតណាមនេះ ត្រូវគេចាត់ទុកថា គឺជាការផ្តល់ឱកាសឱ្យនិស្សិតទទួលបានអាហារូបករណ៍ទទួលបានការរៀនសូត្រភាសាវៀតណាម មុននឹងចេញទៅរៀននៅវៀតណាម ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការសិក្សានៅប្រទេសវៀតណាមផងដែរ។