មានសិក្ខាកាមចំនួន ៣០នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងគ្រូបង្វឹក បានចូលរួមវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង
នៅសណ្ឋាគារ កែបបេ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ក្រោមអធិបតីភាព លោកជំទាវ ម៉ក់ សុវណ្ណស៊ីថា សមាជិកសភាមណ្ឌលភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃឡងដ៍ និងជាប្រធានស្តីទី សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី ។
លោកជំទាវ ម៉ក់ វណ្ណស៊ីថា បានលេីកឡេីងថា៖ វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសិក្ខាកាមចំនួន ៣០នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងលោកគ្រូបង្វឹក ចំពោះវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើទ្រឹស្តី Technical Handbook 2023 និង Technical Committee និងការអនុវត្តជាក់ស្តែង លើឆ្នេរសមុទ្រស្រីសរ។ ចំពោះការសិក្សាលើ Technical Handbook 2023 និង Technical Committee ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអោយអត្តពលិក និងគណៈកម្មការរៀបចំការប្រកួតយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេម ជៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវតែស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានអន្តរជាតិ។
លោក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងផ្តាំផ្ញើថា៖ ការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់គណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងនៅពេលនេះ គឺធ្វើឱ្យមានបំណិនពិតប្រាកដ និងអាចយកចំណេះដឹង ទាំងនេះសម្រាប់អនុវត្តក្នុងការងារបច្ចេកទេសនៃការប្រកួត ដែលធ្វើឱ្យកីឡាករ កីឡាការិនី កាន់តែមានជំនឿចិត្ត និងអាចក្លាយទៅជាគណៈកម្មក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាដើម។
ការរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការរបស់សហព័ន្ធកីឡសទ្រីយ៉ាត្លុង គឺជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិញ្ញាសារកីឡាទ្រីយ៉ាត្លុង ហើយចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ខេត្តកែប ក៏បានទទួលលើវិញ្ញាសាមួយនេះដែរ គឺកីឡាទ្រីយ៉ាត្លុង។ ជាមួយគ្នានេះ លោក អភិបាល រងខេត្ត ក៏សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់លើការពន្យល់ ការអនុវត្តជាក់ស្តែង អោយស្របទៅនឹងកម្មវិធីដែលបានគ្រោងទុក ជាពិសេស នៅពេលប្រកួតត្រូវប្រឹងអោយអស់ពីសមត្ថភាព ដើម្បីទទួលបានមេដាយ ជូនជាតិ មាតុភូមិរបស់យើង៕Sila Sarin



