ក្រុមហ៊ុន Ford បញ្ជាក់ថា នឹងកាត់បន្ថយការងារចំនួនបីពាន់កន្លែង ខណៈដែលក្រុមហ៊ុននេះជំរុញទៅរករថយន្តអគ្គិសនី
ក្រុមហ៊ុនរថយន្តយក្សរបស់សហរដ្ឋអាមេរិក Ford បានបញ្ជាក់ ថា ខ្លួនកំពុងលុបបំបាត់ការងារប្រហែល ៣០០០ការងារភាគច្រើននៅអាមេរិកខាងជើង និងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនជំរុញឱ្យពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅកាន់យានយន្តអគ្គិសនី។
ការប្រកួតប្រជែងដោយ Tesla និងការចាប់ផ្តើមអាជីវកម្មផ្សេងទៀត ក្រុមហ៊ុនផលិតរថយន្តមួយនេះបានពន្លឿនការផលិតម៉ូដែលអគ្គិសនីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍រួចហើយ កាលពីខែកក្កដា ថា ក្រុមហ៊ុន Ford ដែលមានបុគ្គលិកប្រហែល ១៨២០០០នាក់នៅទូទាំងពិភពលោកកំពុងរៀបចំកាត់បន្ថយការងារជាច្រើនពាន់កន្លែង។
ក្រុមហ៊ុនផលិតរថយន្តនេះធ្លាប់បានអះអាងថា ខ្លួនគ្រោងចំណាយប្រាក់ ៥០ ពាន់លានដុល្លារលើការផលិតរថយន្តអគ្គិសនី នៅឆ្នាំ២០២៦។ ក្រុមហ៊ុន Ford បានប្រកាស កាលពីខែមីនាថា ខ្លួនមានបំណងកាត់បន្ថយការចំណាយលើយានជំនិះប្រពៃណីរហូតដល់ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ការកាត់បន្ថយការងារដែលបានប្រកាស កាលពីថ្ងៃចន្ទ ដើមសប្តា៍នេះ គឺស្របតាមអ្វីដែលក្រុមហ៊ុនបានព្រៀងទុក អស់មួយរយៈ ហើយមានបំណងធ្វើឱ្យក្រុមហ៊ុន Ford កាន់តែមានប្រសិទ្ធភាព៕ ប្រភពពី VNexpress ដោយ៖ សារ៉ាត