កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុក មេរោគ អេដស៍ កុមាររើសអេតចាយ២៨០នាក់ នៃអង្គការផ្ទះ បាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៣ ពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ដែលរួម មានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ចំនួន ១០លានរៀល ជូនដល់ អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សា រៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ ប្រមាណ ២៨០នាក់។ពិធីប្រគល់ប្រារព្ធនៅ ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តី សោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារ សារជាថ្មីម្តងទៀត ព្រមទាំងបានពាំនាំនូវ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខ ទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារទាំងនេះ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ ក្មួយៗចៅៗ ទាំងអស់ ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ចេះស្រឡាញ់ គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។
ក្នុងពិធីនេះដែរលោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះ បាយកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគ បរិភោគ ជាបន្តបន្ទាប់។ លោក បានបញ្ជាក់ពីគោល បំណងរបស់ អង្គការផ្ទះបាយកុមារ «គឺជួយដល់កុមារ ទុរគតទាំងឡាយឱ្យទទួលបានការហូបចុកគ្រប់គ្រាន់ ជៀសផុតពីជំងឺនានា ហើយទទួលបានការ សិក្សា និងជៀសផុតពីគ្រឿងញៀន។ ជាក់ស្តែង មានយុវជន ជាច្រើននាក់ដែលធ្លាប់ជ្រកក្រោមដំបូលអង្គការផ្ទះបាយកុមារ បានចូលរៀនដល់ថ្នាក់មហាវិទ្យាល័យ មានការងារ ធ្វើសមរម្យ ។មានអ្នកខ្លះទៀត ក៏បានស្ម័គ្រចិត្តមកជួយ ដល់ កុមារតូចៗជំនាន់ក្រោយនៅក្នុងអង្គការផងដែរ។»
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនអង្គការផ្ទះបាយកុមារ ដែលអំណោយនាពេលនេះរួមមាន ៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៣កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកស៊ីអ៊ីវ ៣០ដប, អំបិល ៥០គីឡូក្រាម, ជែល ២០កេស, ម៉ាស មួយកេស, ពោតស្រស់ ២បាវ និងថវិកា ១០លានរៀល។ ជូនបុគ្គលិក យុវជនស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តបរទេស សរុបចំនួន ២៥នាក់ នូវក្រមា និងកាបូប។ ជូនកុមារម្នាក់ៗ ឈុតខោអាវក្មេង ឈុត, ទឹកភេសជ្ជៈ, មីកញ្ចប់ និងត្រីខកំប៉ុង។
ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង បានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ១០០គីឡូក្រាម, មី ១០កេស និងទឹកបរិសុទ្ធ ១០កេស ផងដែរ៕ ដោយ៖គ្រី សម្បត្តិ



