សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល៖ ការអប់រំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានភាពរលូនដូចគ្នា ហើយគុណភាព និងការទទួលស្គាល់ក៏ដូចគ្នាផងដែរ

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល ព្រះអគារធិការរង ពុទ្ធិកសិក្សាជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញនិមន្តសំណេះសំណាលជាមួយ ឧទ្ទេសចារ្យ លោកគ្រូ-អ្នកគ្រូ និងសមណសិស្សពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ។

សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល បានគូសបញ្ជាក់ថា ការអប់រំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានភាពរលូនដូចគ្នាហើយគុណភាព និងការទទួលស្គាល់ក៏ដូចគ្នាផងដែរ ពោលដើរទន្ទឹមគ្នា ដូច្នេះហើយទាំងពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ។

ព្រះឧបោសិវង្ស វ៉ង់ គឹមសន ព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ មានសង្ឃដីការថា ការអញ្ជើញនិមន្តសំណេះសំណាលជាមួយ ឧទ្ទេសចារ្យ លោកគ្រូ អ្នកគ្រូ និងសមណសិស្សពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យនាពេលនេះធ្វើឡើងដើម្បីពិនិត្យស្ថានភាព នៃការសិក្សាចាប់តាំងពីឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ និងពង្រឹងវិស័យពុទ្ធិកសិក្សារបស់ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

ព្រះឧបោសិវង្ស វ៉ង់ គឹមសន មានសង្ឃដីការបន្តថា កាលពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២១ ប្រទេសជាតិទាំងមូល បានជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩ ដែលនាំឲ្យមានការប៉ះពាល់ដល់វិស័យផ្សេងៗ រួមទាំងវិស័យក្នុងការសិក្សាផងដែរ បើទោះបីជានៅក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលដែលមានការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងធម្មការនិងសាសនា បានខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីបន្តដំណើរការសិក្សាដោយបង្រៀនពីចម្ងាយតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងពេលខ្លះពិនិត្យស្ថានភាពជាក់ស្ដែង ដែលអាចបង្រៀនដោយផ្ទាល់បានក៏បង្រៀនដោយផ្ទាល់ តាមគ្រប់វិធីសាស្ត្រ។ ពោលគឺ ឱ្យតែរូបភាពណាអាចធ្វើទៅបាន ដើម្បីកុំឱ្យការសិក្សាស្ថិតក្នុងភាពអសកម្មទាំងស្រុងនោះឡើយ។

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ច័ន្ទថុល្ល ព្រះអគារធិការរង ពុទ្ធិកសិក្សាជាតិ បានមានសង្ឃដីការកោតសរសើរដល់មន្ដ្រីសង្ឃ ដែលបានខិតខំប្រឹងប្រែង ជម្រុញការសិក្សាក្នុងវិស័យព្រះពុទ្ធសាសនាក្នុងស្ថានភាពដ៏លំបាក នៃវិបត្តិជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលយ៉ាងប្រសើរ ។

សម្ដេចព្រះធម្មលិខិតបណ្ឌិត មានសង្ឃដីកាបន្ដថា បើកាលណាវិស័យអប់រំល្អ កម្ពុជានឹងបានកោសិកាដ៏ល្អក្នុងសង្គម ហើយកាលណាការអប់រំខុស ដូច្នេះកោសិកាដែលកើតឡើងមិនល្អនោះទេ ដូច្នេះទិសដៅរបស់វិស័យអប់រំទាំងមូល គឺមានទិសដៅចំនួន៤ ទី១៖ រៀនសូត្រសិក្សាដើម្បីចំណេះដឹង, ទី២៖ រៀនសូត្រដើម្បីឲ្យមានចំណេះធ្វើ, ទី៣៖ រៀនសូត្រដើម្បីឲ្យមានសីលធម៌ និងទី៤៖រៀនសូត្ររស់នៅជាមួយគ្នា ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner