រុស្ស៊ីកំពុងព្យាយាមស្វែងរកទាហានបន្ថែម ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៊ីកំពុងតស៊ូស្វែងរកទាហានបន្ថែមទៀត ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន សូម្បីតែអ្នកទោសជាប់ពន្ធធនាគារ ហើយអ្នកជ្រើសរើសថ្មីជាច្រើននាក់ជាមនុស្សមានវ័យចំណាស់ មានកាយសម្បទាមិនល្អ និងខ្វះការបណ្តុះបណ្តាលក៏ដោយ ។

មន្ត្រីអាមេរិករូបនេះបាននិយាយយ៉ាងដូច្នេះ ដោយចង់សំដៅលើក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលមានបំណងបង្កើនចំនួនកងទ័ពរបស់ប្រទេសខ្លួនប្រហែល ១០ភាគរយ ពោលគឺដល់ចំនួន ១.១៥លាននាក់គិតចាប់ពីខែមករាឆ្នាំក្រោយ ។

មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដដែលនេះបន្តថា បន្ទាប់ពីជួបប្រទះនឹងការបរាជ័យសំខាន់ៗ និងការខាតបង់កងទ័ពយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេល ៦ខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន មន្ទីរបញ្ចកោណជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះទំនងជាមិនជោគជ័យទេ ដោយសារតែរុស្ស៊ីមិនបានបំពេញតាមគោលដៅជាប្រវត្តិសាស្ត្ររបស់ខ្លួន ។

បើតាមការសន្និដ្ឋានរបស់មន្ទីរបញ្ចកោណ គឺថា ការជ្រើសរើសបុគ្គលិកយោធាបន្ថែមទៀតរបស់រុស្ស៊ី អាចនឹងមិនអាចពង្រីកអំណាចប្រយុទ្ធទាំងមូលប្រកបដោយប្រសិទ្ធភាពនៅចុងឆ្នាំនេះទេ។

នៅដើមខែសីហាឆ្នាំនេះ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Colin Kahl បានប៉ាន់ប្រមាណថា ជនជាតិរុស្ស៊ីចន្លោះពី ៧០,០០០ ទៅ ៨០,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្គ្រាមអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមក ៕ ប្រភព៖ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner