ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ នឹងធ្វើនៅកម្ពុជា ខែមីនា ឆ្នាំក្រោយ
កម្ពុជា៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នឹងត្រូវធ្វើជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កំឡុងខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) អនុញ្ញាតជាគោលការណ៍។
យោងសេចក្តីជូនដំណឹងរបស់ CAMSCO សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
CAMSOC នៅបានឱ្យ សហព័ន្ធសាមីរៀបចំបទបញ្ជាការប្រកួតជាភាសាអង់គ្លេស សហការជាមួយគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់រៀបចំគម្រោងចំណាយ និងធ្វើរបាយការណ៍ជូន CAMSOC ក្រោយបញ្ចប់ការប្រកួត។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការប្រកួតវ៉ូវីណាមអាស៊ីអាគ្នេយ៍នេះ ជាការត្រៀម និងវាស់ស្ទង់កម្រិតរបស់វ៉ូវីណាមកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងការឆ្ពោះទៅប្រកួស៊ីហ្គេម ២០២៣ កំឡុងខែឧសភា ឆ្នាំ២០២៣។ ប្រកួតឆ្នាំក្រោយនេះ វិញ្ញាសា៣០នឹងត្រូវដាក់ឱ្យអត្តពលិកវ៉ូវីណាមនៅអាស៊ីអាគ្នេយ៍ប្រកួតប្រជែង។
សូមរំលឹកថា ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាមនាពេលថ្មីៗនេះ វ៉ូវីណាមជាប្រភេទកីឡាដែលដណ្តើមបានមេដាយច្រើនជាងគេ ក្នុងនោះមាស៣គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៩គ្រឿង សរុប១៤គ្រឿង៕ ចាន់ វិចិត្រ



