អាជ្ញាធរខត្តសៀមរាប ដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់ការហូរចូលរបស់ប្រជាពលរដ្ឋ ដែលមកជួបប្រជុំជាមួយមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ រហូតមកដល់ថ្ងៃរសៀលនេះ

សៀមរាប៖ ថ្ងៃទី៣០ ខែសីហានេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្រមូលផ្ដុំហ្វូងមនុស្សឱ្យជួបជុំនៅក្នុងដីចំការម្រេច នាភូមិថ្មជល់និងភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រីនោះ នៅមិនទាន់មានគំរោងរំសាយនៅឡើយទេ ខណៈដែលសមត្ថកិច្ចបានឱ្យដឹងថា មានអ្នកចាកចេញប្រមាណតែ ៥០០ទៅ ៦០០នាក់ប៉ុណ្ណោះ ។

នៅក្នុងបរិវេណដីចំការទំហំប្រមាណ ១២ហិកតារ ដែលពោរពេញទៅដោយក្រុមមនុស្សចម្រុះ មកពីច្រើនខេត្តនិងរាជធានី កំពុងជួបប្រជុំគ្នាឯជើងភ្នំគូលែននោះ គឺមានក្រុមអ្នកយាមដែលចាត់តាំងដោយគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានដាក់បំរាមត្រួតពិនិត្យយ៉ាងតឹងតែងគឺមិនអនុញ្ញាត ឱ្យអ្នកផ្សេងក្រៅពីសមាជិកគណបក្សរបស់ពួកគេ អាចចូលទៅក្នុងកន្លែងជួបជុំសំខាន់បានឡើយ សូម្បីតែក្រុមអ្នកសរព័ត៌មាននិងអាជ្ញាធរមូលដ្ឋាន ក៏ពួកគេហាមឃាត់មិនឱ្យចូលទៅបានដែរ ។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ លោកនៅមិនទាន់ឃើញក្រុមប្រជាពលរដ្ឋ ដែលមកជួបជុំគ្នានោះ បានរុះរើដើម្បីរំសាយឬក៏មានបំណងចាកចេញពីកន្លែងជួបប្រជុំនៅឡើយទេ។អាជ្ញាធរស្រុកបន្ទាយស្រី បានដាក់បញ្ជារយ៉ាងតឹងតែងនៅរសៀលថ្ងៃនេះ ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកលក់ដូរ ចំណីអាហារឬក៏ក៏របស់របរប្រើប្រាស់ទាំងឡាយអាចចូលទៅលក់ ដែលជាហេតុអាចនាំឱ្យទ្រង់ទ្រាយនៃការជួបប្រជុំនោះ កាន់តែរីកធំនោះទេ។

ចាប់តាំងតែពីទៀបភ្លឺថ្ងៃទី៣០ ខែសីហា សមមត្ថកិច្ចចម្រុះដែលមានកម្លាំងនគរបាល កងរាជអាវុធហត្ថនិងទាហានផង បានរាយបណ្ដាក់នៅលើដងផ្លូវសំខាន់ៗចំនួន៥កន្លែង។ ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនោះ គឺគោលបំណងរារាំងអ្នកចំណូលថ្មីទាំងអស់ មិនឱ្យចូលទៅកាន់តំបន់ជួបប្រជុំបានទៀតទេ ប៉ុន្តែសម្រប់អ្នកដែលចង់ចាកចេញ គឺសមត្ថកិច្ចអនុញ្ញាត ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ខែសីហា លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថាតាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចំការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋជិត ២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។

កាលពីថ្ងៃទី២៩ ខែសីហា អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយក្នុងលិខិតនោះបញ្ជាក់ថា ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការ បោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាបសុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ ។ បើទោះបីជាមានលិខិតព្រមានពីអាជ្ញាធរខេត្តសៀមរាប ក៏ដោយក៏រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការឆ្លើយតបពីលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយ៉ាងណានៅឡើយទេ ។ តាមព័ត៌មានចុងក្រោយ ឱ្យដឹងថាគណបក្សសម្ព័ន្ធប្រជាធិបតេយ្យមិនមានគំរោងរំសាយការជួបប្រជុំនេះនៅឡើយទេ ដោយគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធរឃុំត្បែង របស់ស្រុកបន្ទាយស្រី ដើម្បីសុំបន្តការជួបប្រជុំគ្នារហូតដល់ខែកញ្ញាខាងមុខ៕ ដោយ ស៊ាន សុផាត

ads banner