សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។

ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។

សម្រាប់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ចំណែកស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) ជាស្ពានអាកាសទ្វេទិស ដែលមានពីរគន្លងទៅ និងពីរគន្លងមក។ បណ្តោយស្ពានសរុបមានប្រវែង ៥១៦ម៉ែត្រ ទទឹងតួស្ពាន មានទំហំ ១៥.៨០ម៉ែត្រ។ ក្នុងនោះបណ្តោយស្ពាន មានប្រវែង ២៣៥ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពាន ខាងកើត មានប្រវែង ១៤០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានលិច មានប្រវែង ១៤១ម៉ែត្រ។ នៅខាងក្រោមស្ពានមានផ្លូវសងខាង ស្របតាមមហាវិថីសហព័ន្ធរុស្ស៉ី ដែលជាចំណុចប្រសព្វជាមួយមហាវិថីសម្តចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) និងផ្លូវលេខ២០១១។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ ខណៈកំណើនយានយន្ត កំណើនចរាចរណ៍ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវអាកាសនៅចំណុចប្រសព្វ ដែលមានការកកស្ទះខ្លាំង។

សូមរំលឹកថា គិតមកដល់ពេលនេះ នៅរាជធានីភ្នំពេញមានស្ពានអាកាសសរុបចំនួន ៧ ហើយបូករួមទាំងពីរថ្មីដែលបើកការដ្ឋានសាងសង់នាថ្ងៃទី៣១ ខែសីហាខាងមុខនេះ រាជធានីភ្នំពេញនឹងមានស្ពានអាកាសសរុបចំនួន ០៩ ដែលមានដូចជា៖ ស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) និងស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២)។ ក្រៅពីនេះ ស្ពានអាកាសមួយទៀត គឺស្ពានអាកាសលើផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ ក្នុងនោះមានស្ពានអាកាសថ្មីពីរដែលនឹងបើកការដ្ឋានសាងសង់រួមមាន៖ ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ស្តុបផ្សារសេនជូរី) ៕ ដោយ វណ្ណលុក

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner