ប្រធានាធិបតីអ៊ុយក្រែន និងប្រធាន IAEA ពិភាក្សាពីបេសកម្មនៅរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានជួបជាមួយអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ក្រូស៊ី ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ IAEA ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (NPP)។

នៅក្នុងកិច្ចពិភាក្សានេះ លោក ហ្សេលេនស្គី និងលោក ក្រូស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ជូនបេសកកម្ម IAEA ទៅកាន់រោងចក្រនេះ ដោយកត់សម្គាល់ថា ឧប្បត្តិហេតុណាមួយនៅក្នុងរោងចក្រនឹងមានផលវិបាកជាសកល។

លោក ហ្សេលេនស្គី បន្តថា មានហានិភ័យនៃឧបទ្ទវហេតុនៅរោងចក្រ, បញ្ហារ៉េអាក់ទ័រនុយក្លេអ៊ែរ និងការកាត់ផ្តាច់បណ្តាញរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ចេញពីបណ្តាញរបស់យើងជាដើម។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានសម្តែងការជឿជាក់របស់គាត់ថា បេសកកម្មរបស់ IAEA ទៅកាន់រោងចក្រដែលដឹកនាំដោយលោក ក្រូស៊ី ផ្ទាល់ នឹងស្វែងរកមធ្យោបាយដើម្បីការពារការគំរាមកំហែងផ្នែកសន្តិសុខ។

គួរបញ្ជាក់ថា ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់អឺរ៉ុប។ វាត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីតាំងពីដើមខែមីនាមក ប៉ុន្តែបុគ្គលិកអ៊ុយក្រែនបានបន្តប្រតិបត្តិការនៅទីនោះដដែល។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ុយក្រែន និងរុស្ស៊ីបានដោះដូរការចោទប្រកាន់ពីការធ្វើកូដកម្មលើរោងចក្រនេះ។

យ៉ាងណាមិញ បេសកកម្មរបស់ IAEA ទៅកាន់រោងចក្រនេះ ត្រូវបានកំណត់ដើម្បីវាយតម្លៃការខូចខាតរបស់រោងចក្រ, កំណត់មុខងារសុវត្ថិភាព និងប្រព័ន្ធសុវត្ថិភាពរបស់វា, វាយតម្លៃលក្ខខណ្ឌបុគ្គលិក និងអនុវត្តសកម្មភាពការពារជាបន្ទាន់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner